មេៗ Sociedad ទៅតកុងត្រាឲ្យ Isak ដល់ស៊ុយអែត ហើយថែមលុយប្រចាំសប្ដាហ៍ទៀត
ទោះស៊ុយអែតធ្លាក់វគ្គ១៦ក្រុមចុងក្រោយ ប៉ុន្តែខ្សែប្រយុទ្ធ Alexander Isak ត្រូវបានគេឃើញថា រួមចំណែកយ៉ាងសំខាន់ក្នុងការនាំជម្រើសជាតិរបស់គេឆ្លងផុតពីវគ្គចែកពូល។ ដូច្នេះហើយ Real Sociedad បានសម្រេចបន្តកិច្ចសន្យា២ឆ្នាំទៀតដល់កីឡាករវ័យ២១ឆ្នាំ ពោល មានសុពលដល់ឆ្នាំ២០២៦ ហើយបន្ថែមប្រាក់ឈ្នួលប្រចាំសប្ដាហ៍ថែមទៀត។
មុនឈានដល់កិច្ចព្រមព្រៀងជាផ្លូវការ លោក Jokin Aperribay ប្រធានក្លិប Real Sociedad និងលោកនាយកគ្រប់គ្រង Roberto Olabe បានជិះយន្ដហោះទៅដល់រាជធានី Stockholm នៃប្រទេសស៊ុយអែត ដើម្បីជួប Isak តកុងត្រាដោយផ្ទាល់តែម្ដង។
អតីតកីឡាករ Borussia Dortmund ប្រាប់ទំព័រក្លិប Sociedad ថា ពិតជាសប្បាយចិត្តដែលបានបន្លាយកុងត្រាបែបនេះ។ គេសម្លឹងឆ្ពោះទៅកាន់ការប្រកួតនៅរដូវកាលក្រោយ។
Isak បានចូលរួមជាមួយ Real Sociedad ក្នុងឆ្នាំ២០១៩ ហើយ២រដូវកាលកន្លងមកនេះ គេរកបាន៣៣គ្រាប់ពីការប្រកួត៨៩លើកពីគ្រប់កម្មវិធី។
ក្នុងក្រុមជម្រើសជាតិស៊ុយអែតវិញ អតីតសមាជិកក្លិប AIK បានជាប់ក្រុមធំឆ្នាំ២០១៧ និងរកបាន៦គ្រាប់ពីការចូលលេង២៦ប្រកួត។ គេបានផ្លាស់ពី AIK ទៅ Dortmund ក្នុងឆ្នាំ២០១៧។
គេមិនដឹងច្បាស់ថា ប្រាក់ឈ្នួលប្រចាំសប្ដាហ៍ថ្មីប៉ុន្មានទេ តែបើតាមប្រភពមួយចំនួន បង្ហាញថា មុនតកុងត្រាថ្មី Isak ទទួលបាន៦ម៉ឺនអឺរ៉ូ ក្នុងមួយសប្ដាហ៍៕