ក្លិបកំពូលថៃ Ratchaburi ដាក់ឈ្មោះតារាចម្រៀង Tono ប្រកួត Champions League អាស៊ី
ក្លិបបាល់ទាត់ថៃ Ratchaburi បានបញ្ចូលឈ្មោះតារាចម្រៀង និងសម្ដែងថៃល្បី Phakin Khamwilaisak ក្នុងបញ្ជីប្រកួត AFC Champions League។
សារព័ត៌មាន Siam Sport បញ្ជាក់ថា តារាមានឈ្មោះហៅក្រៅ Tono គឺជាអ្នកសិល្បៈទី១របស់ថៃដែលបានក្លាយជាកីឡាករបាល់ទាត់អាជីព ហើយគេនឹងចូលរួមចាប់ពីថ្ងៃទី២០ ខែមិថុនា តទៅ។
វត្តមានរបស់តារាមានប្រភពពីខេត្ត Khon Kaen បានបង្កភាពភ្ញាក់ផ្អើល ដោយសារគេឈានដល់វ័យ៣៥ឆ្នាំទៅហើយ និងមិនធ្លាប់លេងអាជីពពីមុនទេ។ មុនការប្រកាសបញ្ចូលឈ្មោះប្រកួត AFC Champions League នេះ គេឃើញ Phakin ចំណាយពេលហ្វឹកហាត់នៅ Ratchaburi។
Ratchaburi បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ ក្របខណ្ឌកំពូលថៃរដូវកាល២០២១ និងមានកៅអីប្រកួត AFC Champions League។ ពួកគេស្ថិតនៅពូល G ដោយត្រូវជួប Johor Darul Ta’zim (ម៉ាឡេស៊ី), Nagoya (ជប៉ុន) និង Pohang Steelers (កូវរ៉េខាងត្បូង)៕