Zidane មានជម្រើសការងារ២កន្លែង ក្រោយចេញពី Real Madrid
លោក Zinedine Zidane បានត្រៀមខ្លួនជាស្រេចហើយសម្រាប់ការប្រកួតប្រជែងថ្មី បន្ទាប់ពីបានចាកចេញពី Real Madrid។
បើតាមសារព័ត៌មានបារាំង L’Equipe អតីតអ្នកចាត់ការ Real Madrid ចង់ទៅដឹកនាំនៅកន្លែងថ្មីណាមួយ ភ្លាមៗតែម្ដង ដោយមិនត្រូវការសម្រាកឡើយ មិនដូចកាលពីឈប់លើកទីមួយ នៅខែឧសភា ឆ្នាំ២០១៨ទេ។ គេមិនទាន់ដឹងថា កន្លែងណាដែលលោកចង់ទៅទេ តែអ្នកគាំទ្រគិតថា អាចក្នុងបាល់ទាត់បារាំង។
លោក Zidane ទំនងចូលជំនួសលោក Didier Deschamps ក្នុងនាមជាគ្រូបង្គោលបារាំង ក្រោយចប់ EURO 2020។ ជម្រើសមួយទៀត គឺចូលធ្វើគ្រូបង្គោល Paris Saint Germain។ សារព័ត៌មាន Le Parisien ផ្សាយថា លោក Mauricio Pochettino មិនសូវមានទំនាក់ទំនងល្អជាមួយនាយកកីឡា PSG លោក Leonardo ទេ។
ESPN បានផ្សាយថា Tottenham ក៏ចង់យកលោក Pochettino ទៅអង់គ្លេសវិញដែរ ដូច្នេះកៅអីគ្រូបង្គោល Paris Saint Germain អាចប្រែជាទំនេរ។
ដោយឡែក គេជឿថា ការចាកចេញរបស់លោក Zidane ពី Real Madrid ទំនងដោយសារមិនជោគជ័យនៅ UEFA Champions League ដែលខុសកាលពីដឹកនាំលើកទីមួយ។
អតីតគ្រូបង្គោល Inter Milan លោក Antonio Conte និងគ្រូបង្គោល Real Madrid B លោក Raul Gonzalez គឺជាបេក្ខជន២រូបនាំមុខគេក្នុងការទៅជំនួសលោក Zidane៕