ជំនួបវគ្គផ្តាច់ព្រ័ត្ររវាង Man United និង Villarreal នឹងមានយីអ៊ុនដល់ AS Monaco នារដូវកាលក្រោយ
Villareal នឹងជួបជាមួយ Manchester United ក្នុងវគ្គផ្ដាច់ព្រ័ត្រ UEFA Europa League នៅរាត្រីនេះ គឺម៉ោង២យប់ឆ្លងចូលដល់ថ្ងៃព្រហស្បតិ៍។ ជំនួបដ៏សំខាន់រវាងក្រុមទាំងនឹងធ្វើឡើងនៅកីឡដ្ឋាន Polsat Plus ក្រុង Gdansk ភាគខាងជើងឈូងសមុទ្របាល់តិក ប្រទេសប៉ូឡូញ។
សម្រាប់ការប្រកួតនៅយប់នេះនឹងមានជះឥទ្ធិពលដល់ក្រុមដែលនៅក្របខ័ណ្ឌកំពូលបារាំងផងដែរ តាមរយៈច្បាប់របស់ UEFA គឺបានចែងថាជើងឯកពានរង្វាន់ UEFA Europa League នឹងមានកៅអីដោយស្វ័យប្រវត្តិសម្រាប់ការប្រកួតពានរង្វាន់ UEFA Champions League នារដូវកាលក្រោយ។ ដោយឡែក Manchester United ក៏មានកៅអីរួចជាស្រេចតាមរយៈការឈរនៅលេខនៃក្របខ័ណ្ឌ Premier League ហើយបើសិនជាពួកគេឈ្នះការប្រកួតនៅយប់នេះ ដូចនេះមានន័យថា AS Monaco ដែលឈរនៅលេខ៣នៃក្របខ័ណ្ឌ Ligue 1 មិនចាំបាច់ធ្វើការប្រកួតជម្រុះដើម្បីប្រជែងយកកៅអី UCL ឡើយ ពោលគឺពួកគេនឹងទទួលបានកៅអីដោយស្វ័យប្រវត្តិតាមរយៈក្រុមបិសាចក្រហម។
ចំណែកបើសិនជា Villarreal ជាអ្នកឈ្នះវិញ នោះកៅអីស្វ័យប្រវត្តិសម្រាប់ការប្រកួតពានរង្វាន់ UEFA Champions League នារដូវកាលក្រោយគឺនឹងបានទៅលើពួកគេតែម្តង ព្រោះក្រុមរហស្សនាមនាវាជើងទឹកបានបញ្ចប់ចំណាត់ថ្នាក់លេខ៧នៅក្របខ័ណ្ឌ La Liga នារដូវកាលនេះ។ សម្រាប់ករណីខាងលើនេះបានកើតឡើងចំនួន៣ឆ្នាំជាប់ៗគ្នាមកហើយ ពោលគឺនៅឆ្នាំ២០១៨ និងឆ្នាំ២០១៩ Lyon ជាអ្នកទទួលបានកៅអី UCL ដោយស្វ័យប្រវត្តិ ហើយឆ្នាំ២០២០នេះ Rennes ក៏ដូចគ្នា។
គួរឱ្យដឹងថា ស្ថាប័ន UEFA បានបញ្ជាក់ថា ការប្រកួតនេះនឹងមានប្រើប្រាស់ប្រព័ន្ធ VAR ហើយក្រុមទាំងសងខាងអាចផ្លាស់ប្ដូរកីឡាករបាន៥នាក់ ហើយអាចបន្ថែមការផ្លាស់ប្ដូរអ្នកទី៦បានក្នុងរយៈពេលនៃម៉ោងបន្ថែម១៥នាទី២ដងផងដែរ។