Roy Keane៖ United គួរទិញខ្សែប្រយុទ្ធថ្មីបើចង់ឈ្នះ Premier League មិនមែនបន្តកុងត្រាជាមួយ Cavani ឡើយ
Roy Keane អតីតប្រធានក្រុម Manchester United បានផ្តល់យោបល់ដល់គ្រូបង្វឹក Ole Gunnar Solskjaer ថា គួរតែទិញខ្សែប្រយុទ្ធថ្មីមកកាន់ក្រុមដើម្បីប្រជែងក្នុងការដណ្តើមពានរង្វាន់ Premier League នារដូវកាលក្រោយ ជៀសជាងការបន្តកុងត្រាថ្មីជាមួយ Edinson Cavani។
បុរសដែលបច្ចុប្បន្នជាអ្នកវិភាគបាល់ទាត់នៅអង់គ្លេសបានបន្ថែមថា៖ “ខ្ញុំសង្ឃឹមថា Manchester United នឹងមិនរក្សា Edinson Cavani បន្តទៀតទេ ព្រោះបើយើងមើលឃើញគេមានវ័យ៣៤ឆ្នាំទៅហើយ។ បើពួកគេគិតថារំពឹងបែបនេះដើម្បីឈ្នះពាន អញ្ចឹងគួរតែបំភ្លេចរឿងហនឹងចោលតែម្តងទៅ។”
ការនិយាយបែបនេះគឺមិនខុសពីមិត្តរួមក្រុមចាស់របស់ខ្លួន Paul Scholes ប៉ុន្មានឡើយ អតីតខ្សែបម្រើអង់គ្លេសក៏ធ្លាប់បានផ្តល់យោបល់បែបស្រដៀងនេះដោយនិយាយថា Ole គួរតែពិចារណាក្នុងការនាំយកមកកាន់ទឹកដី Old Trafford គឺមានដូចជាខ្សែប្រយុទ្ធ Erling Haaland ឬក៏ Harry Kane ជាដើម ដែលពួកគេទាំង២រូបនេះគឺជាបេក្ខភាពដ៏សាកសមបំផុតសម្រាប់ក្រុមទាំងមូលក្នុងការប្រជែងពានរង្វាន់ Premier League នារដូវកាលក្រោយ។
កីឡាករអ៊ុយរុយហ្គាយបានក្លាយជាគ្រាប់អុកដ៏សំខាន់សម្រាប់ក្រុមបិសាចក្រហមនៅរដូវកាលនេះ ដោយរូបគេតែងតែរកគ្រាប់បាល់បាល់នៅក្នុងការប្រកួតសំខាន់ៗទាំងនៅក្របខ័ណ្ឌ Premier League និង UEFA Europa League។
គួរឱ្យដឹងថា អតីតសមាជិក Napoli និង PSG ខាងលើនេះត្រូវបានគេរាយការណ៍មកថា កំពុងសម្រេចចិត្តនៅក្នុងការបន្តកុងត្រាថ្មី១ឆ្នាំទៀតជាមួយក្រុមបិសាចក្រហម Manchester United ស្របពេលដែលលេចលឺថាទៅនឹងការផ្លាស់ទៅកាន់ Boca Junior នៅប្រទេសអាហ្សង់ទីនក្រោយចប់រដូវកាលនេះ តាមការប្រឹក្សាយោបល់ពីឪពុករបស់ខ្លួនផងដែរ។