អតីតកីឡាករម្នាក់ថា Messi អាចឈ្នះ World Cup បើ Ramos ជាជនជាតិអាហ្សង់ទីន
រឿងរ៉ាវដ៏ឈឺចាប់មួយសម្រាប់ Lionel Messi គឺបរាជ័យក្នុងវគ្គផ្ដាច់ព្រ័ត្រ FIFA World Cup 2014 ប៉ុន្តែអតីតកីឡាករអាហ្សង់ទីន លោក Oscar Ruggeri ជឿជាក់ថា ខ្សែប្រយុទ្ធ Barcelona នឹងមានលទ្ធភាពលើកពានកំពូលនេះ ប្រសិនបើអាហ្សង់ទីនមាន Sergio Ramos ជាខ្សែការពារ។
លោក Oscar Ruggeri ដែលលេងឲ្យជម្រើសជាតិអាហ្សង់ទីន៩៧ប្រកួត យល់ឃើញថា ក្រុមរបស់លោកនៅខ្វះកីឡាករមានគុណភាពដូច Ramos។
“អាហ្សង់ទីនមាន Messi ហើយ តែបើមានខ្សែការពារដូច Ramos ទៀត មានន័យថា អាចឈ្នះ World Cup។ គេដូចបិសាចអ៊ីចឹង!។ គេពិតជាអស្ចារ្យ។ យើងនៅខ្វះកីឡាករដូច Ramos អ៊ីចឹង គេល្អលើសខ្ញុំ និងនរណាទាំងអស់។” នេះជាការលើកឡើងរបស់លោក Ruggeri។
ចាប់តាំងពីជាប់ជម្រើសជាតិក្រុមធំអាហ្សង់ទីនក្នុងឆ្នាំ២០០៥មក Messi ពុំទាន់ឈ្នះពានធំណាមួយឡើយ ដូចជា World Cup និង Copa America ជាដើម។ គេធ្លាប់បានមេដាយមាសអូឡាំពិក ឆ្នាំ២០០៨ និងពានយុវជន FIFA World Cup U20 ឆ្នាំ២០០៥៕