ក្លឹបប្រដាល់គុនខ្មែរមួយចំនួនធំចង់សំណូមពរដល់សហព័ន្ធគុនខ្មែរដើម្បីឲ្យកីឡាករបានទទួលចាក់វ៉ាក់សាំងការពារកូវិដ១៩
ប្រិយ៍មិត្តជាច្រើនបានដឹងហើយថា សព្វថ្ងៃនេះវីរុសកូវិដ១៩កំពុងរាតត្បាតជុំវិញពិភពលោក បានធ្វើឲ្យប្រជាពលរដ្ឋនៅលើផែនដីមួយនេះមានការខ្លាចរអាសឹងតែគ្រប់ៗគ្នា ជាក់ស្តែងនៅប្រទេសកម្ពុជាយើងក៏កំពុងតែជួបបញ្ហាជំងឺដ៏កាច់សាហាវមួយនេះដូចគ្នា។ បើនិយាយអំពីកីឡាករគុនខ្មែរវិញ អ្នកខ្លះដោយសារតែមានការខ្លាចឆ្លងនៅជំងឺមួយនេះ មិនហ៊ានមកហ្វឹកហាត់និងឡើងប្រកួតដូចសព្វរាល់ដងនោះទេ ហើយក្លឹបប្រដាល់គុនខ្មែរខ្លះក៏ផ្អាកអោយកូនសិស្សឡើងសង្វៀនប្រកួតដូចគ្នា ដោយសារតែរអានិងជំងឺមួយនេះ។
ដូច្នេះហើយបានជាក្លឹបប្រដាល់គុនខ្មែរមួយចំនួន ដូចជាក្លឹបកងអង្គរក្សរបស់លោកគ្រូ ស៊ន អេលីត ក្លឹបគោព្រៃ ដែលបង្ហាត់ដោយលោកគ្រូ ផាត សូដា និងក្លឹបមួយចំនួនទៀតដែលសុំមិនបញ្ចេញឈ្មោះ សុទ្ធតែមានបំណងចង់សំណូមដល់សហព័ន្ធគុនខ្មែរ ស្នើរសុំដល់រាជរដ្ឋាភិបាល ដើម្បីអនុញ្ញាតអោយអ្នកប្រដាល់គុនខ្មែរទាំងអស់បានទទួលចាក់វ៉ាក់សាំងការពារកូវិដ១៩អោយបានគ្រប់ៗគ្នា ព្រមទាំងបានមកធ្វើការហ្វឹកហាត់ដើម្បីត្រៀមខ្លួនឡើងប្រកួត និងមានថវិកាក្នុងការជួយផ្គត់ផ្គង់ដល់គ្រួសារផងដែរ។ មិនត្រឹមតែក្លឹបប្រដាល់មួយចំនួនដែលយល់ឃើញបែបនេះទេ សូម្បីអ្នកគាំទ្រគុនខ្មែរមួយចំនួនធំក៏យល់ឃើញបែបនេះដូចគ្នា ក្នុងនោះសូម្បីលោក ម៉ុល នី ដែលជាអ្នកគាំទ្រប្រដាល់ដ៏ងប់ងុលម្នាក់ ក៏លោកគាំទ្រអោយកីឡាករគុនខ្មែរបានទទួលចាក់វ៉ាក់សាំងការពារវីរុស១៩អោយបានគ្រប់គ្នាផងដែរ៕