ហូឡង់ឈ្នះពីមុខអ្នកគាំទ្រ៥ពាន់នាក់ និងប្រវត្តិសាស្ត្រថ្មីមួយ
ក្រុមបាល់ទាត់ជម្រើសជាតិហូឡង់បានយកឈ្នះឡេតូនីដោយលទ្ធផល២ទល់នឹង០ក្នុងវគ្គជម្រុះ FIFA World Cup 2022 ពីមុខអ្នកទស្សនា៥០០០នាក់នាកីឡដ្ឋាន Cruijff នាក្រុងអាំស្ទែដាំ។
ក្នុងការប្រកួតនេះដែរ អ្នកស្រី Stephannie Frappart បានក្លាយជាអាជ្ញាកណ្ដាលស្រីដំបូងគេដែលបានដឹកនាំការប្រកួតជម្រុះ FIFA World Cup។
អាជ្ញាកណ្ដាលស្រីជនជាតិបារាំងវ័យ៣៧ឆ្នាំធ្លាប់ដឹកនាំការប្រកួតក្លិបកម្រិតអឺរ៉ុបពីមុនមកដែរ។
សម្រាប់គ្រាប់បាល់ទាំង២គ្រាប់របស់ហូឡង់ធ្វើបានដោយ Steven Berghuis និង Luuk de Jong។
តាមពិតទៅ កីឡដ្ឋាន Cruijff Arena អាចផ្ទុកទស្សនិកជនបាន៥៥០០០នាក់។ អ្នកដែលមានសំណាងបានចូលរួមទស្សនាផ្ទាល់អំឡុងការរាលដាលជំងឺកូវីដ១៩នេះត្រូវធ្វើតាមវិធានការសុវត្ថិភាពយ៉ាងខ្ជាប់ខ្ជួន។ ហូឡង់បានបើកឆាកចាញ់ទួរគី៤ទល់នឹង២។
ដោយឡែក នៅថ្ងៃអាទិត្យ ទី២៨ ខែមីនា នឹងមានអាជ្ញាកណ្ដាលស្រីម្នាក់ទៀត គឺអ្នកស្រី Kateryna Monzul ជនជាតិអ៊ុយក្រែនដែលត្រូវរ៉ាប់រងជំនួបរវាងអូទ្រីស និងកោះហ្វារ៉ូ៕