មកដឹងអំពីប្រវត្តិខ្លះៗកីឡាករវ័យក្មេង រិទ្ធ សាស្រ្តាវុធ មុនចាប់អាជីពគុនខ្មែរ
អ្នកប្រដាល់គុនខ្មែរវ័យក្មេង រិទ្ធ សាស្រ្តាវុធ ដែលកំពុងតែមានឈ្មោះបោះសំលេងយ៉ាងខ្លាំងតាមរយៈការប្រកួតក្នុងស្រុកនិងក្រៅស្រុក បានធ្វើឲ្យអ្នកនិយមគាំទ្រវិស័យគុនខ្មែរពេញចិត្តចំពោះអាវុធដែលអ្នកស្រុកសៀមរាបរូបនេះប្រើប្រាស់នៅលើសង្វៀន ពិសេសគឺការប្រកួតម្តងៗបញ្ចេញអស់ពីសមត្ថភាព។
រំលឹកអំពីប្រវត្តិរបស់ខ្លួនប្រាប់ MSR SPORT រិទ្ធ សាស្រ្តាវុធ បាននិយាយរំលឹកថា មុខពេលដែលរូបខ្លួនចូលហ្វឹកហាត់ជាអ្នកប្រដាល់គុនខ្មែរ គឺរូបគេជាជាងសំណង់ដើរស៊ីស្នួលដើររៀបពិដាននិងការងារផ្សេងៗទៀតពាក់ព័ន្ធនិងសំណង់ ដោយភាគច្រើនដើតស៊ីស្នួលធ្វើសំណង់ក្នុងខេត្តសៀមរាប ដែលជាទឹកកំណើតរបស់ខ្លួន។ តាមពិតទៅ កូនសិស្សរបស់លោកគ្រូ ជា រិទ្ធ មួយនេះក៏មានជាប់ពាក់ព័ន្ធនិងគុនខ្មែរផងដែរ ពោលគឺមានកីឡាករ ក្រាក់ សម្ជស្ស ដែលនៅខាងឪពុកជាអ្នកប្រដាល់គុនខ្មែរ ម្លោះហើយទើបធ្វើឲ្យរូបគេមាននិស្ស័យចូលហ្វឹកហាត់គុនខ្មែរ។
ដោយឡែកលោក ជា រិទ្ធ ដែលជាគ្រូបង្ហាត់ក្នុងសាលាគុន គុហារព្រហ្មជ័យនៃក្រសួងការពារជាតិ លោកក៏បាននិយាយអំពីអត្តចរិករបស់ រិទ្ធ សាស្រ្តាវុធ ប្រាប់ MSR SPORT ឲ្យដឹងដែរថា៖ កូនសិស្សរបស់លោកមួយនេះ មានអត្តចរិកល្អណាស់ ចេះគោរពចាស់ទុំ និង រៀមច្បងនៅក្នុងក្លឹប លោកក៏បាននិយាយបន្ថែមទៀតថា សាស្រ្តាវុធ ចូលហ្វឹកហាត់ជាមួយលោកបានតែ៣ខែទេ តែអាចឡើងប្រកួតបាន ដោយរូបគេមានទេពកោសល្យជាអ្នកប្រដាល់គុនខ្មែរ ហើយបទពិសោធន៍នៅក្រៅស្រុក គឺធ្លាប់ចេញទៅប្រកួតនៅប្រទេសថៃម្តងគតដោយផ្តួលឲ្យម្ចាស់ផ្ទះបោះបង់ការប្រកួតក្នុងទឹកទី១។ លោក ជា រិទ្ធ ក៏បាននិយាយបន្តទៀតថា ភាគច្រើនកូនសិស្សនៅក្នុងក្លឹបរបស់លោក ១ខែលោកឲ្យឡើងប្រកួត១ម្តងរឺក៏២ដងតែប៉ុណ្ណោះ៕