បាល់ទាត់វៀតណាមយប់មិញ ម្នាក់បាក់ជើង និងម្នាក់ប្រឈមពិន័យធ្ងន់
ការលូកជើងប្រជែងយកបាល់ពីកីឡាករ Ngo Hoang Thinh របស់ក្លិប Ho Chi Minh City FC ធ្វើឲ្យកីឡាករ Do Hung Dung របស់ក្លិប Hanoi FC រងរបួសបាក់ឆ្អឹងជើងយ៉ាងធ្ងន់ធ្ងន់ ក្នុងការប្រកួតជើងឯកក្របខណ្ឌកំពូលវៀតណាម នៅរាត្រីថ្ងៃអង្គារ ទី២៣ ខែមីនា។
ជាលទ្ធផល Hoang Thinh ទទួលបានកាតក្រហម ហើយប្រឈមនឹងបម្រាម២ឆ្នាំថែមទៀត។
យោងតាមប្រការ៣ មាត្រា៣៩ វគ្គ១នៃបទប្បញ្ញត្តិវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់វៀតណាម (ធ្វើវិសោធនកម្មឆ្នាំ ២០២១) ក្នុងករណីមានការរំលោភបំពានលើរាងកាយធ្ងន់ធ្ងរ នឹងមានការពិន័យចំនួន ៤០ លានដុង និងព្យួរពីការចូលរួមសកម្មភាពបាល់ទាត់រហូតដល់ ២៤ ខែ ឬត្រូវបានហាមឃាត់មិនឱ្យចូលរួមក្នុងសកម្មភាពបាល់ទាត់ក្នុងរយៈពេលមួយ ឬរយៈពេលមិនកំណត់។
លើសពីនេះទៀតយោងតាមប្រការ ៤ មាត្រា ៣៩ វគ្គ ១ ផងដែរនៅក្នុងបទប្បញ្ញត្តិ Hoang Thinh អាចនឹងត្រូវបង់ថ្លៃវះកាត់ដល់ Hung Dung ដោយផ្តល់ការទូទាត់មិនលើសពីប្រាក់ខែ ១៥ ខែក្រោមកិច្ចសន្យារបស់ខ្សែបម្រើរូបនេះដែលបានចុះនៅក្លិប Ho Chi Minh City FC។
ប្រភពពីសារព័ត៌មាន Zing បញ្ជាក់ថា Hung Dung បានទទួលការវះកាត់ដោយជោគជ័យនៅព្រឹកថ្ងៃពុធ ទី២៤ ខែមីនា និងចាប់ផ្ដើមអនុវត្តការព្យាបាលដោយចលនាសាច់ដុំមួយថ្ងៃបន្ទាប់។ ប្រហែលជា ១ខែកន្លះ គេនឹងអាចឈប់ប្រើឈើច្រត់។ ជាធម្មតាបន្ទាប់ពី៣សប្តាហ៍ គេអាចទប់លំនឹងបាន ប្រហែល៣ខែគេអាចរត់ហាត់ប្រាណតិចៗបាន។ រយៈពេល៥-៦ខែ គេអាចហ្វឹកហាត់លក្ខណៈខ្លាំងបាន៕