Gareth Bale ថាមក Spurs ដើម្បីមានឈ្មោះលេងនៅ Euro ហើយឆ្នាំក្រោយត្រឡប់ទៅ Real វិញហើយ
ខ្សែប្រយុទ្ធ Gareth Bale បានបញ្ជាក់ថា ខ្លួនផ្លាស់មកលេងនៅ Tottenham Hotspurs តែ១រដូវកាលនេះទេ ដោយរដូវកាលក្រោយរូបគេនឹងត្រលប់ទៅកាន់ Real Madrid វិញហើយ។
មូលហេតុដែលអតីតសមាជិក Southampton រូបនេះសម្រេចផ្លាស់មកកាន់ក្របខ័ណ្ឌ Premier League នារដូវកាលនេះគឺដោយសារតែរូបគេចង់មានឈ្មោះនិងត្រៀមខ្លួនឱ្យបានល្អជាមួយក្រុមជម្រើសជាតិវែលសម្រាប់ការប្រកួតពានរង្វាន់ UEFA Euro 2020 នៅខែមិថុនាខាងមុខនេះតែប៉ុណ្ណោះ។
កីឡាករវ័យ៣១ឆ្នាំបានសម្រេចការផ្លាស់ពីទឹកដី Santiago Bernabeu មកកាន់ក្រុមរបស់លោក Jose Mourinho ក្នុងលក្ខខ័ណ្ឌខ្ចីជើង១រដូវកាល ក្រោយពីរូបគេមិនស្ថិតនៅក្នុងគម្រោងប្រើប្រាស់របស់គ្រូបង្វឹក Zinedine Zidane។
គួរឱ្យដឹងថា កុងត្រារបស់ខ្សែប្រយុទ្ធ Gareth Bale នៅ Real Madrid មានសុពលភាពរហូតដល់ឆ្នាំ២០២២ខាងមុខនេះ ដោយរូបគេទទួលបានថ្លៃនឿយហត់ប្រមាណ៣០លានផោនក្នុងឆ្នាំ ខណៈផ្លាស់មកកាន់ Spurs រូបគេទទួលបាន២សែន៥ម៉ឺនផោនក្នុង១សប្តាហ៍ផងដែរ។