Bissaka គ្រោងប្ដូរទៅសញ្ជាតិអាហ្វ្រិកមួយវិញ បើអង់គ្លេសនៅតែមើលរំលង
ខ្សែការពារ Aaron Wan Bissaka គ្រោងផ្លាស់ប្ដូរសញ្ជាតិរបស់ខ្លួនពីអង់គ្លេសទៅកុងហ្គោវិញ ប្រសិនបើរូបគេនៅតែត្រូវបានមើលរំលងដោយគ្រូបង្គោលជម្រើសជាតិ លោក Gareth Southgate។
Bissaka បានដុះដាលចេញពីថ្នាល Crystal Palace មុនផ្លាស់ទៅ Manchester United ជាទីរូបគេក្រសោបបានកៅអីជម្រើស១១នាក់ដំបូងយ៉ាងទៀងទាត់ និងជាខ្សែការពារកូដស្ដាំដ៏លេចធ្លោមួយរូប។ យ៉ាងណាក៏ដោយ កីឡាករវ័យ២៣ឆ្នាំមិនដែលចូលលេងក្រុមធំជម្រើសជាតិអង់គ្លេសឡើយ។
ខ្សែការពារបិសាចក្រហមតាមពិតទៅធ្លាប់ទទួលបានការកោះហៅដែរ កាលខែសីហា ឆ្នាំ២០១៩ តែដកខ្លួនវិញដោយសាររបួស។ គេនៅពីក្រោមជម្រើសផ្សេងទៀត មាន Trent Alexander-Arnold របស់ Liverpool, Reece James នៅ Chelsea និងខ្សែការពារ Kyle Walker នៅ Manchester City។ ក្រុមតោកំណាចក៏មានជម្រើសម្នាក់ទៀត គឺ Kieran Trippier របស់ Atletico Madrid ដែរ។
របាយការណ៍មួយឲ្យដឹងថា ប្រសិនបើគេនៅបន្តមិនជាប់ជម្រើសជាតិទៀត គេនឹងប្ដូរទៅលេងឲ្យកុងហ្គោក្នុងខែមីនា នេះតែម្ដង។
គួរដឹងដែរថា Aaron Wan Bissaka ដែលមានឪពុកម្ដាយជាជនជាតិកុងហ្គោបានចាប់កំណើត និងធំធាត់នៅប្រទេសអង់គ្លេស។ គេក៏ធ្លាប់លេងក្រុមជម្រើសជាតិ U20 កុងហ្គោមួយលើកដែរកាលឆ្នាំ២០១៥៕