ថៃពិបាកទទួលធ្វើម្ចាស់ជម្រុះ World Cup ដែលនៅសល់ព្រោះបន្ទុកដ៏ធំនេះ
យោងតាមលក្ខខណ្ឌហិរញ្ញវត្ថុពីសហព័ន្ធកីឡាបាល់ទាត់អាស៊ី ក្រុមជម្រើសជាតិថៃទំនងពិបាកធ្វើម្ចាស់ផ្ទះក្នុងការប្រកួតជម្រើស FIFA World Cup 2022 ដែលនៅសល់ក្នុងពូល G អំឡុងខែមិថុនា ខាងមុខ។
លោក Phatit Suphaphong អគ្គលេខាធិការសហព័ន្ធបាល់ទាត់ថៃឲ្យដឹងថា ការលំបាកនោះដោយសារតែ AFC ចែងថា រាល់ម្ចាស់ផ្ទះត្រូវរ៉ាប់រងថ្លៃធ្វើដំណើរ, ហូបចុក, ស្នាក់នៅ, ការដឹកជញ្ជូន និងអ្វីៗពាក់ព័ន្ធជាច្រើនទៀត។
អគ្គលេខាធិការខាងលើសង្កត់ធ្ងន់ថា ការរ៉ាប់រងប៉ុណ្ណេះគឺជាបន្ទុកធ្ងន់ពេកសម្រាប់ក្រុម។
លោក Phatit លម្អិតបែបនេះ “៖និយាយទៅ ចាប់ពីវគ្គជម្រុះជុំទី៣តទៅ គឺខាង AFC ជាអ្នកទទួលបន្ទុកចំណាយ តែជុំទី២នេះ គឺម្ចាស់ផ្ទះទាំងស្រុង។ យើងត្រូវរៀបចំសណ្ឋាគារល្អៗឲ្យ និងអ្វីៗផ្សេងទៀត។ បើបានឲ្យមានអ្នកចូលមើល, លក់សំបុត្រ, បង្កើតកម្មវិធីផ្សេងៗ និងលក់សិទ្ធិផ្សាយទៅ ចេះតែមានលុយខ្លះហើយ តែនេះបិទទាំងអស់ ព្រោះកូវីដ១៩ អ៊ីចឹងយើងមានចំណូលឯណាមកទប់ចំណាយ។ បើរដ្ឋាភិបាល ឬនរណាចេញមុខជួយ អាហ្នឹងក៏ស្រួលដែរ។”
AFC បានប្រកាសរើសម្ចាស់ផ្ទះសម្រាប់ការប្រកួតតាមពូល ដោយមួយប្រទេសក្នុងមួយពូលត្រូវរ៉ាប់រងធ្វើជាទឹកដីកណ្ដាលតែម្ដង បន្ទាប់ពីផ្ទុះជំងឺកូវីដ១៩។ ក្នុងពូល G ថៃ និង អារ៉ាប់រួមសុទ្ធតែបង្ហាញពីបំណងទទួលរៀបចំដូចគ្នា៕