កាសែតអេស្ប៉ាញមួយផ្សាយថា Zidane ត្រូវធ្វើរឿងនេះឲ្យបានបើចង់ទប់កៅអីនៅ Real
សារព័ត៌មានអេស្ប៉ាញ AS បានចុះផ្សាយថា ថ្នាក់ដឹកនាំ Real Madrid ទំនងនឹងដកតំណែងអ្នកចាត់ការពីលោក Zinedine Zidane នាដំណាច់រដូវកាល២០២០/២០២១នេះតែម្ដង។
AS ទទូចថា មានតែវិធីមួយគត់ដែលគ្រូបង្វឹកជនជាតិបារាំងអាចរក្សាកៅអីរបស់ខ្លួនបាន គឺត្រូវឈ្នះ UEFA Champions League។ យ៉ាងណាគោលដៅនេះទំនងពិបាកបន្តិចហើយ ព្រោះមិនទាន់ឃើញក្លិបបន្ថែមកីឡាករណាម្នាក់នៅឡើយ ហើយគុណផលក្រុមក៏មិនទៀងទាត់ដែរ ម្ដងឡើង ម្ដងចុះ។
បច្ចុប្បន្ន ក្រុមអធិរាជសកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៣ក្នុងក្របខណ្ឌ La Liga ពីក្រោមក្រុមកំពូលតារាង Atletico Madrid ១០ពិន្ទុ និងលើសមួយប្រកួតទៀត។ ក្នុងរយៈពេលត្រឹម១៥ថ្ងៃ ពួកគេធ្លាក់ដល់ទៅ២ពាន គឺ Spanish Super Cup និង Copa del Rey។
AS ជឿជាក់ថា លោក Zidane មានកំហុសម្យ៉ាងនៅរដូវកាលនេះ ដោយផ្ញើវាសនាតែលើកីឡាករ១៣-១៤នាក់។ ផ្ទុយទៅវិញកីឡាករទាំងនោះហាក់ធ្លាក់គុណផលទៅតាមវ័យពួកគេទៅហើយ ដោយលោកមិនសូវទុកចិត្តលើយុវជនសោះ។
រំឭកកាលពីនៅដឹកនាំលើកទីមួយ Real Madrid ចាញ់តែ១៦ប្រកួតក្នុងចំណោម១៤៩ប្រកួត។ ក្នុងការដឹកនាំលើកទី២នេះវិញ ពួកគេចាញ់១៩ប្រកួតក្នុងចំណោម៩០ប្រកួត៕