Ronaldinho បានចំណងដៃពិសេសមួយក្រោយចេញពីគុកជិតពីរខែ
Ronaldinho ទទួលបានគ្រឿងអលង្ការពិសេសមួយដែលត្រូវបានរចនាជាមួយឈ្មោះក្លិបគេធ្លាប់ប្រកបអាជីពកន្លងមក។ យ៉ាងណា គេនឹងដាក់ដេញថ្លៃចិញ្ចៀនដ៏ស្រស់ស្អាតនេះទៅអង្គការសប្បុរសធម៌។
“អរគុណច្រើនចំពោះចិញ្ចៀនពិសេសមួយវង់នេះដែលតំណាងឲ្យអាជីពរបស់ខ្ញុំ។ ខ្ញុំពិតជារីករាយក្នុងការផ្ដល់ចិញ្ចៀនដែលមិនគួរឲ្យជឿនិងអស្ចារ្យនេះដល់អង្គការសប្បុរសធម៌ ដោយខ្ញុំនឹងដាក់ដេញថ្លៃវា។ ប្រាក់ចំណេញទាំងអស់នឹងត្រូវបានទុកជួយក្មេងៗ”។ នេះជាអ្វីដែល Ronaldinho បានសរសេរពាក្យថ្លែងអំណរគុណ និងប្រកាសដាក់ដេញថ្លៃចិញ្ចៀននៅលើទំព័រផ្ទាល់ខ្លួន។”
យោងទៅតាម Infobae ក្រុមហ៊ុនគ្រឿងអលង្ការបានរចនាចិញ្ចៀនដោយផ្អែកលើការបំផុសគំនិតពីអាជីពរយៈ១៧ឆ្នាំរបស់អតីតកីឡាករជម្រើសជាតិប្រេស៊ីល។ នៅលើចិញ្ចៀនត្រូវបានឆ្លាក់ឈ្មោះក្លិបទាំង៧ដែល Ronaldinho ធ្លាប់លេងមាន Gremio, Barcelona, AC Milan, CR Flamengo, Atletico Mineiro, Queretaro និង Fluminense។
ប៉ុន្តែភ្លាមៗបន្ទាប់ពី Ronaldinho បានចែករំលែករូបថត អ្នកគាំទ្របានប្រទះឃើញកំហុសចំនួនពីរ។ អ្នករចនាភ្លេចដាក់ឈ្មោះ Paris Saint Germain ដែលគេធ្លាប់លេងមុនទៅ FC Barcelona នៅឆ្នាំ២០១៣ និងឈ្មោះក្លិប Queretaro នៅម៉ិកស៊ីកូឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៥។ ដោយសារតែកំហុសឆ្គងនេះ ក្រុមហ៊ុនខាងលើក៏បានបង្ហោះរូបភាពថ្មីភ្ជាប់ជាមួយឈ្មោះក្លិបទាំងពីរវិញ។
ការដាក់ដេញថ្លៃចិញ្ចៀនមួយវង់នេះត្រូវបានប្រព័ន្ធផ្សព្វផ្សាយព្យាករថា ចាប់ផ្ដើមពី៥,០០០អឺរ៉ូ។
គួររំឭកថា នៅថ្ងៃទី ២៤ ខែសីហា Ronaldinho ត្រូវបានដោះលែងពីពន្ធនាគារនៅប៉ារ៉ាហ្គាយ បន្ទាប់ពីជាប់ឃុំជិត៦ខែនៅប៉ារ៉ាហ្គាយពីប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ។ បច្ចុប្បន្នបុរសវ័យ៤០ឆ្នាំកំពុងរីករាយនឹងជីវិតនៅឯស្រុកកំណើតនាក្រុង Porto Alegre ប្រទេសប្រេស៊ីល៕