ឃើញការពារនៅស្ទើរ គ្រូ Barca ប្រកាសចង់បានកូនក្រុមម្នាក់ពី Man City
AS ឲ្យដឹងថា Barcelona បានដាក់សំណើ៨លានអឺរ៉ូទៅ Manchester City ក្នុងបំណងផ្ទេរយកខ្សែការពារ Eric García ដែលដុះដាលចេញពីថ្នាលយុវជនក្រុមអ្នកមានបុណ្យ។
មិនត្រឹមតែតម្លៃ៨លានអឺរ៉ូទេ ក្រុមលោក Ronald Koeman ក៏បូកបន្ថែមកីឡាករពីរនាក់ទៀត។ ទោះយ៉ាងណា City ចង់បាន ២០លានជាថ្លៃដែល Barcelona មិនអាចបង់បាន។ ប្រសិនបើគ្មានអ្វីប្រែប្រួល Eric García នឹងនៅជាមួយ Man City រហូតដល់រដូវកាលនេះ ហើយនឹងចាកចេញដោយឥតថ្លៃខ្លួននៅខែមិថុនា ២០២១ពេលកិច្ចសន្យាអស់សុពលភាព។
កីឡាករវ័យ១៩ឆ្នាំក៏ធ្លាប់បង្ហើបពីបំណងចេញពី Manchester City ខណៈលោក Pep Guardiola ក៏បានបង្កើនចំនួនខ្សែការពារកណ្តាលនៅក្នុងក្រុមជាមួយនឹងការមកដល់ថ្មីរបស់ Ruben Dias និង Nathan Aké ដែលតំណែងនេះក៏មាន Aymeric Laporte និង John Stones។
លោក Ronald Koeman សារភាពតំបន់ការពារកណ្ដាលរបស់ Barcelona ហាក់នៅស្ទើរនៅឡើយ ដូច្នេះហើយទើបលោកចង់បានកីឡាករម្នាក់ទៀតដើម្បីពង្រឹងបន្ថែម៕