
នៅសល់តែពីរក្រុមប៉ុណ្ណោះដែលអាចប្រជែងពានលីគកំពូលកម្ពុជារដូវកាល២០២០នេះ
ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០២០ បានជិតបញ្ចប់ហើយ ពោលគឺនៅសល់តែ ២ប្រកួត ទៀតប៉ុណ្ណោះ ខណៈដែលក្រុមដែលត្រូវប្រជែងពានក៏នៅតែពីរដូចគ្នា រួមមាន បឹងកេត និងក្រុមការពារជើងឯក ព្រះខ័នរាជស្វាយរៀង ស្របពេលដែល ភ្នំពេញក្រោន, វិសាខា, ណាហ្គាវើលដ៍ និង កងយោធពលខេមរភូមិន្ទ អស់ឱកាសទៅហើយ។
បច្ចុប្បន្នក្រុមកំពូលតារាង បឹងកេត ឆ្លងកាត់ការប្រកួត ១៥ លើក ក្នុងនោះឈ្នះ ១១ ដង ស្មើចំនួន ៤ ដង មិនដែលចាញ់ កំពុងមាន ៣៧ ពិន្ទុក្នុងដៃ ខណៈដែលក្រុមតាមពីក្រោយ ព្រះខ័នរាជស្វាយរៀង ឆ្លងកាត់ ១៥ ប្រកួតដូចគ្នា ដោយឈ្នះ ១១ ដង ស្មើចំនួន ២ ដង និងចាញ់ ២ ដង កំពុងមាន ៣៥ ពិន្ទុក្នុងដៃ។ ចំណែកក្រុមលេខ៣ ភ្នំពេញក្រោន មានត្រឹម ២៩ ពិន្ទុ ហើយ វិសាខា ជាមួយ ណាហ្គាវើលដ៍ មានតែ ២៥ ពិន្ទុ និង កងយោធពលខេមរភូមិន្ទ មានត្រឹមតែ ២៤ ពិន្ទុប៉ុណ្ណោះ។
សូមបញ្ជាក់ផងដែរថា ជំនួបដែលនៅសល់ ២លើក ចុងក្រោយរបស់ក្រុមប្រជែងពាន បឹងកេត ត្រូវប៉ះជាមួយ កងយោធពលខេមរភូមិន្ទ និង ភ្នំពេញក្រោន ខណៈដែល ព្រះខ័នរាជស្វាយរៀង ត្រូវជួប ណាហ្គាវើលដ៍ និង វិសាខា ៕