
ចិត្រា សងសឹក ហ៊ុច បានសម្រេច ខណៈ សាវិន និង ជិន របួសក្នុងការប្រកួតដណ្តើមលុយលានពីគោជល់
កម្មវិធីដណ្តើមប្រាក់លានពីក្រុមហ៊ុន គោជល់ កាលពីម្សិលមិញមានចំនួន៣គូដោយក្នុងនោះ ឡៅ ចិត្រា បានសងសឹកលើ មឿន សុខហ៊ុច បានសម្រេច ខណៈ សុខ សាវិន និង ឡុង ជិន ត្រូវទទួលរងរបួសដោយគ្រូពេទ្យបញ្ឃប់ការប្រកួត និងបោះបង់ការប្រកួត នាសង្វៀន CNC ។
ឡៅ ចិត្រា ដែលធ្លាប់ចាញ់ មឿន សុខហ៊ុច ក្នុងការប្រកួតដណ្តើមពានរង្វាន់លោកគ្រូ ម៉ា សេរី បានយកឈ្នះលើកីឡាករ មឿន សុខហ៊ុច ដោយពិន្ទុ ៤ ទល់ ១ ក្រោយប្រកួតពេញ៥ទឹក ចំណែក សុខ សាវិន មិនអាចសងសឹកលើកីឡាករ ម៉ឺន មេឃា ដែលធ្លាប់ឈ្នះរូបគេនោះទេ ដោយជំនួបលើកទី២នេះ រូបគេត្រូវបានកូនប្រុសលោក អេ ភូថង ប្រើកែងបណ្តាលអោយមានបញ្ហាភ្នែកត្រូវបោះបង់ការប្រកួត និងការប្រកួតដណ្តើម១លានពីគោជល់មួយគូទៀត ឡុង ជិន ត្រូវសម្រាក ពីសង្វៀនប្រហែល៣ខែ ដោយសាររន្ទះជើងរបស់ សូត្រ វាសនា ទាត់បណ្តាលអោយបាក់ក្តោងចម្រុះក្នុងទឹកទី៣ ។
អ្នកដែលឈ្នះរួមមាន ឡៅ ចិត្រា , ម៉ឺន មេឃា និង សូត្រ វាសនា សុទ្ធតែទទួលបានទឹកប្រាក់១លានរៀលបន្ថែមពីក្រុមហ៊ុន ភេសជ្ជៈលំដាប់លេខ១ពិភពលោក គោជល់ ដូចៗគ្នា ហើយសម្រាប់ការប្រកួតគូទី១ ឡៅ សៃណេត ទទួលបាន៤០ម៉ឺនរៀលបន្ថែមពីគោជល់ផងដែរ ដោយបានយកឈ្នះ ខាំ រ៉ាដេត ក្នុងទឹកទី៣ ៕