
ក្លិបមួយដេញថ្លៃ Ansu Fati ១២៥លានអឺរ៉ូតែត្រូវ Barcelona ទាត់ចោល
ភ្នាក់ងារកីឡាករបាល់ទាតលោក Jorge Mendes បង្ហើបថា FC Barcelona បានច្រានចោលការដេញថ្លៃពីក្លិបមួយកាលដើមឆ្នាំ២០២០នេះដែលចង់បានខ្សែបម្រើវ័យក្មេង Ansu Fati។
ការផ្តល់ជូនរួមមានទឹកប្រាក់ចំនួន១២៥ លានអឺរ៉ូរួមនឹងប្រាក់បន្ថែម២៥លានអឺរ៉ូថែមទៀតអាស្រ័យលើគុណផលកីឡាករខាងលើ។ ផ្ទុយទៅវិញ ក្រុមនៅ La Liga មួយនេះមិនបានចូលតុចរចាណាមួយឡើយ។
ក្លិបដែលបានដេញថ្លៃចុងក្រោយនេះមិនត្រូវបានបង្ហើបឲ្យដឹងទេ។ ប៉ុន្តែសារព័ត៌មានអង់គ្លេសបានចុះផ្សាយថា Manchester United មានចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ Ansu Fati ។ ក្រុមបិសាចក្រហមចង់ចុះកុងត្រាមុនគេ តែក៏មានការប្រកួតប្រជែងជាមួយក្រុម Manchester City, Liverpool និង Chelsea ដែរ។
Ansu Fati ត្រូវបានដំឡើងចូលក្រុមធំនៅ Barcelona ដែលធ្វើឲ្យថ្លៃលក់ចេញកើន១៧០លានអឺរ៉ូដល់៤០០លានអឺរ៉ូនាពេលបច្ចុប្បន្ននេះ។ កីឡាករអន្តរជាតិអេស្ប៉ាញរូបនេះមិនទាន់បានចុះកុងត្រាបន្តនៅទឹកដី Camp Nou នោះទេ។ កុងត្រាចាស់នឹងផុតកំណត់នៅឆ្នាំ ២០២២៕