សង្ឃឹម ផ្តួល វ៉ាន់ វឿន លើកទី៣ ខណៈ ផាន់និត បុកផ្តាច់យក១លានបន្ថែម
កម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ដណ្ដើមប្រាក់លានកាលពីម្សិលមិញ មានការផ្តួលគូប្រកួតសន្លប់២គូនិងចាញ់ឈ្នះ ដោយពិន្ទុ២គូនាសង្វៀន CNC ។
បឺត សង្ឃឹម និង វ៉ាន់ វឿន ជាគូដែលអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង ដោយសារធ្លាប់ប្រកួតគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ ដណ្តើមខ្សែក្រវាត់គោជល់ ដោយ វ៉ាន់ វឿន ជាអ្នកឈ្នះ ប៉ុន្តែការប៉ះគ្នា២ប្រកួតចុងក្រោយ សង្ឃឹម បានផ្តួល វ៉ាន់ វឿន អោយសន្លប់ ហើយកាលពីម្សិលមិញនេះ បឺត សង្ឃឹម នៅតែធ្វើបានល្អដោយទាត់ វ៉ាន់ វឿន អោយបោះបង់ការប្រកួតក្នុងទឹកទី៣ ដែលជាការឈ្នះ៣ប្រកួតជាប់គ្នានិង ទទួលបានលុយ១លាន បន្ថែមពីគោជល់ ។
ចំណែកអ្នកប្រដាល់វ័យក្មេងកំពុងឡើងខ្លាំង ធន់ ផាន់និត បានផ្តួលថ្នាលជម្រើសជាតិគុនខ្មែរ យិប ឌុក អោយសន្លប់ក្នុងទឹកទី៥ ដោយទទួលបាន១លានបន្ថែម ផងដែរ ។ នេះជាការឈ្នះ១១ប្រកួតរបស់អ្នកប្រដាល់កោះកុងម្នាក់នេះ និងធ្លាប់ចាញ់១ម្តងប៉ុណ្ណោះ ។
ក្នុងថ្ងៃជាមួយគ្នានេះដែរ ឡុង ពិសិដ្ឋ បានឈ្នះពិន្ទុ ព្រឿង សុចឺត ទទួលបាន៤០ម៉ឺនរៀល និង ឡុង សំណាង ឈ្នះពិន្ទុ ឈាន ហុង បាន១លានរៀលពីក្រុម ហ៊ុន គោជល់ ។
សូមបញ្ជាក់ថា កម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ តែងតែមានការប្រកួតដណ្ដើមប្រាក់លានមួយខែចំនួន២ដង ដើម្បីរួមចំណែកជួយដល់វិស័យគុនខ្មែរ នឹងផ្តល់ឱកាសដល់កីឡាករថ្នាលល្អៗពង្រឹងសមត្ថភាពឆ្ពោះទៅព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕