តើ City ហ៊ានថែម Zinchenko ជាថ្នូរនិង Koulibaly ដែរឬទេ?
(BC-99)
ការចង់បានកីឡាករ Napoli-Kalidou Koulibaly ដោយ Manchester City ទំនងជាទៅមិនរួចទេប្រសិនបើគេមិនប្រើប្រាស់រូបមន្តទិញថែមកីឡាករ នេះបើយោលទៅលើសារព័ត៌មានបរទេសដែលបានចេញផ្សាយក្នុងថ្ងៃនេះ។
ទីបំផុតទៅខ្សែការពាររបស់ក្រុម Manchester City Oleksandr Zinchenko ក៏ត្រូវបានក្រុម Napoli ចាប់អារម្មណ៍វិញដែរ ដូចនេះហើយទើបក្លិបនៅអ៊ីតាលីមួយនេះបានលើករបៀបវារៈអោយ Man City ចំណាយលុយទិញយក Koulibaly តែត្រូវថែមអោយកីឡាករអ៊ុយក្រែនមកអោយក្លិបរបស់ខ្លួនថែមទៀត។
Alan Prudnikov ដែលជាភ្នាក់ងាររបស់ Zinchenko បាននិយាយអោយដឹងថា “រឿងនេះអាចនឹងកើតឡើង ព្រោះវាជាផលប្រយោជន៍របស់ក្លឹបទាំងពីរ។ បើទោះជា Zinchenko គេនៅតែស្រឡាញ់ Manchester City តែគេមិនអាចប្រកែកបានទេ បើក្លឹបទាំងសងខាងជ្រើសរើសយកវិធីដោះដូរបែបនេះ” ។
Zinchenko ត្រូវបាន មេឃខៀវ ទិញពីក្លឹប FC Ufa របស់ រុស្ស៊ី នៅឆ្នាំ ២០១៦ កាលពីរដូវកាលមុនក្នុងលីគកំពូលអង់គ្លេសកីឡាករវ័យ២៣ឆ្នាំរូបនេះលេងបាន ១៩ ប្រកួតអោយ Man City ។ ដោយឡែកកីឡាករ បារាំង-សេណេហ្គាល់ Kalidou Koulibaly ឯណោះវិញត្រូវបាន Napoli ទិញពីក្លឹប Genk នៅឆ្នាំ២០១៤។ ក្នុងរយៈពេល៦រដូវកាលកន្លងមកនេះ Koulibaly បានបង្ហាញខ្លួន ១៨៣ ដងនិងស៊ុតបញ្ចូលទី ១០ គ្រាប់អោយ Napoli ។