
Man Utd និង Dortmund បើកកិច្ចចរចាជាថ្មីលើរឿងផ្ទេរកីឡាករ!
(BC-99)
ក្រុមបិសាចក្រហម Manchester United និង Borussia Dortmund បានយល់ព្រមបន្តកិច្ចពិភាក្សាលើការផ្ទេរខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស Jadon Sancho ដោយឈរលើមូលដ្ឋានការយោគយល់វិជ្ជាជីវៈដែលច្បាស់លាស់ជាងពេលកន្លងមក។
ដោយសំអាងតាមរការចុះផ្សាយរបស់ Bleacher Report បានអោយដឹងថា Dortmund បានឈានដល់កិច្ចព្រមព្រៀងមួយជាមួយ Man Utd ជាថ្មីទៀតហើយជុំវិញការចរចាផ្ទេរកីឡាករ Jadon Sancho ។
ក្លិបទាំង ២ បានព្រមព្រៀងគ្នាដោយប្រកាន់យក “ អាកប្បកិរិយាគោរព” នៅក្នុងកិច្ចចរចាបន្ទាប់ពីមានការរំពឹងទុកជាច្រើនខែទៅលើអនាគតរបស់កីឡាករវ័យ ២០ ឆ្នាំរូបនេះ។ សេចក្តីរាយការណ៍បានបន្ដទៀតថា United មានការអាក់អន់ចិត្តដោយសារតែមានការលេចធ្លាយជាសាធារណៈក្នុងដំណាក់កាលពិភាក្សាដំបូងដែលជាដើមចមធ្វើអោយមានព័ត៌មានក្លែងក្លាយដែលបង្អាក់ដល់កិច្ចព្រមព្រៀងគ្រប់ភាគី។
ក្លឹប Manchester United ដែលជាក្រុមលេខ៣នៅ Premier League រដូវកាលចាស់ត្រូវបានគេជឿថាអាចឈានដល់ដំណាក់កាលនៃទិញយកកីឡាករ Sancho ដោយគ្មានបញ្ហា។ ក្លឹបដែលដឹកនាំដោយលោក Ole Gunnar Solskjaer ទើបតែទិញបានខ្សែបម្រើរបស់ Ajax-Van De Beek តែម្នាក់ប៉ុណ្ណោះនៅអំឡុងពេលដែលទីផ្សារដោះដូរកីឡាករកំពុងតែបើកដំណើរនេះ។