កីឡាករបាល់ទាត់ក្រិកម្នាក់ត្រូវបានគេសម្លាប់ក្នុងឡាន
នគរបាលប្រទេសក្រិកបានបើកការស៊ើបអង្កេតលើករណីឃាតកម្មកីឡាករបាល់ទាត់ក្រិកមួយរូបដែលត្រូវបានគេសម្លាប់ និងទុកចោលក្នុងរថយន្ដ។
សពអតីតខ្សែការពារជម្រើសជាតិក្រិកអាយុក្រោម២១ឆ្នាំ Nikos Tsoumanis ត្រូវបានរកឃើញដោយអាជ្ញាធរនាជាយក្រុង Kalamaria នៅថ្ងៃអង្គារ ទី០៥ ខែតុលា នេះ និងត្រូវបានបញ្ជូនៅកាន់មន្ទីរពេទ្យ តែវាហួសពេលទៅហើយ។
សារព័ត៌មានក្នុងស្រុកមួយនៅប្រទេសក្រិកផ្សាយថា សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតលើករណីនេះ បន្ទាប់ពីប្រទះឃើញសពរបស់គេក្នុងឡាននាតំបន់ Nea Krini ដោយសពត្រូវបានជនសង្ស័យរុំដៃដោយថង់ប្លាស្ទិកទៅក្រោយថែមទៀត។
Tsoumanis ធ្លាប់លេងឲ្យ U21 ក្រិក២ដងក្នុងឆ្នាំ២០១១ និងធ្លាប់លេងឲ្យក្លិប Makedonikos, Corfu, Panthrakikos, Veria, Aris, Apollon Kalamaria និង Xanthi។ សរុបការប្រកួតអាជីពរបស់គេតាំងពីឆ្នាំ២០០៩មកដល់២០២០ អតីតកីឡាករវ័យ៣១ឆ្នាំលេងបាន១២៦ប្រកួត រកបាន៤គ្រាប់ និង assist ៣ដង៕