Friedkin Group នឹងធ្វើឱ្យ Roma ក្លាយជាក្លឹបដ៏អស្ចារ្យបំផុតមួយនៅលើពិភពលោក
(BC-99)
ក្រុមហ៊ុន The Friedkin Group បានបោះទុនទិញយកក្លឹបបាល់ទាត់ AS Roma ហើយម្ចាស់ថ្មីចង់ធ្វើឱ្យក្លឹបនៅ Serie A មួយនេះក្លាយជា ក្រុមដ៏អស្ចារ្យបំផុតនៅក្នុងពិភពបាល់ទាត់ជាថ្មី ។
Friedkin Group បានកាន់កាប់ក្រុមចចក Roma របស់ខ្លួនបន្តពីលោក James Pallotta កាលពីថ្ងៃច័ន្ទដោយទទួលបានភាគហ៊ុន ៨៦,៦% នៅក្នុងក្រុមអ៊ីតាលីដែលជាអំណាចដ៏លើសលប់មួយលើក្លឹបដ៏ចំណាស់មួយនេះខណៈដែលភាគហ៊ុន ១៣,៤% គឺជាទុនផ្ទាល់របស់ Roma និង អ្នកគាំទ្ររបស់ខ្លួន។
ម្ចាស់ជើងឯក Serie A ៣ សម័យកាល Roma ដែលបានឈ្នះពានរង្វាន់ Scudetto កាលពីឆ្នាំ ២០០១ បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៥ ក្នុងឆ្នាំ ២០១៩-២០- ដោយដេញតាមពីក្រោយក្រុមជើងឯក Juventus ចំនួន ១៣ ពិន្ទុ។ ក្រុមនេះដែរក៏បានឈានដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រ Coppa Italia និង Europa League វគ្គ ១៦ ក្រុមចុងក្រោយអំឡុងរដូវកាលដំបូងដែលបានកាន់កាប់ដោយអ្នកចាត់ការណ៍ទូទៅ Paulo Fonseca ។
លោក Dan Friedkin នាយកប្រតិបត្តិនិងជាប្រធានក្រុមហ៊ុន The Friedkin Group បានមានប្រសាសន៍ថា “យើងពិតជារីករាយណាស់ដែលបានចូលរួមជាមួយក្រុមគ្រួសារ AS Roma អោយដូចដែលអ្នកគាំទ្រម្នាក់ដែលលើកឡើងថា ចូរយកក្លឹបដ៏ល្បីរបស់យើងហើយធ្វើឱ្យវាក្លាយជាក្លឹបដែលមានឈ្មោះដ៏អស្ចារ្យបំផុតនៅក្នុងពិភពបាល់ទាត់”។
គួរបញ្ជាក់ដែរថាលោក Dan Friedkin គឺជាមហាសេដ្ឋីពាន់លានរបស់សហរដ្ឋអាមេរិចដែលបានចំនាយទឹកប្រាក់ ៥៩២ លានផោនក្នុងចំណោមទ្រព្យសម្បត្តិសរុបចំនួន ៤.២ពាន់លានផោនរបស់ខ្លួនយកមកអភិវឌ្ឍន៍ Roma ក្នុងគោលបំណងអោយក្លឹបនេះក្លាយជាក្រុមដែលអាចមានវត្តមានក្នុងក្របខណ្ឌ Champions League អោយបានគ្រប់រដូវកាលនិងជាពិសេសគឺជាការប្រជែងយកពាន Serie A តែម្តង។