
Lazio អន់ចិត្តរឿង David Silva ស្រវា Sociedad ជំនួស
Lazio ហៀបនឹងប្រកាសពីការផ្ទេរ David Silva ប៉ុន្តែត្រូវបាន Real Sociedad ឆក់យកទៅវិញ។
ទំព័រក្លិប Real Sociedad បានប្រកាសពីការចូលរួមរបស់ David Silva ដោយគ្មានតម្លៃខ្លួននៅរាត្រីថ្ងៃចន្ទ ទី១៧ ខែសីហា ដល់ឆ្នាំ២០២២។
ព័ត៌មាននេះបានធ្វើឱ្យអ្នកគាំទ្រ Sociedad មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមុននោះប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ដំណាលគ្នាថា Silva យល់ព្រមចូលរួមជាមួយ Lazio។ ផ្ទុយទៅវិញ អ្វីៗបានផ្លាស់ប្ដូរទាំងស្រុងពេលប្រព័ន្ធផ្សព្វផ្សាយនៅអេស្ប៉ាញប្រកាសពីការចូលរួមរបស់អតីតសមាជិក Manchester City។
លោក Fabrizio Romano អ្នកសារព័ត៌មាននៅអ៊ីតា់លីបាននិយាយថា Lazio ខឹងខ្លាំង ព្រោះ Silva បានក្រឡាស់សម្ដី។ មុននោះខ្សែបម្រើជនជាតិអេស្ប៉ាញរូបនេះបានយល់ព្រមចុះកុងត្រារយៈពេល ៣ ឆ្នាំដោយទទួលបានប្រាក់ឈ្នួល ៦០,០០០ អឺរ៉ូក្នុងមួយសប្តាហ៍និងការលើកទឹកចិត្តជាច្រើនទៀតពីក្រុមនៅអ៊ីតាលី។ Sociedad បានទាក់ទងដោយសម្ងាត់ ធ្វើឲ្យកីឡាករវ័យ៣៤ឆ្នាំផ្លាស់ប្តូរគំនិតនៅនាទីចុងក្រោយ។
David Silva បានវិលត្រឡប់មកកាន់ La Liga វិញបន្ទាប់ពីលេងអស់រយៈពេល ១០ ឆ្នាំនៅ Premier League ។ គេធ្លាប់លេងនៅ Eibar, Celta Vigo និង Valencia មុនពេលចូលរួមជាមួយ Man City ក្នុងរដូវកាលដោះដូរកីឡាកររដូវក្តៅឆ្នាំ ២០១០ ។
នៅអង់គ្លេស Silva បានលេង ៤៣៦ ប្រកួតស៊ុតបញ្ចូលទី ៧៧ គ្រាប់អមដោយពាន Premier League ៤ ដង FA Cup ពីរដង និង League Cup ៥ ដង។ បរាជ័យ ១-៣ ដោយ Lyon ក្នុងវគ្គ ១/៤ នៃក្របខណ្ឌ Champions League គឺជាលើកចុងក្រោយដែលអ្នកគាំទ្របានឃើញ Silva ក្នុងឯកសណ្ឋាន Man City ។
Man City បានប្រកាសថាខ្លួននឹងសង់រូបសំណាករបស់ David Silva នៅខាងក្រៅកីឡដ្ឋាន Etihad ដើម្បីជាការតបស្នងចំពោះការរួមចំណែករយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ៕