Vardy, De Bruyne និង Ederson យកបានពានឯកត្តជននៅ PL
ការប្រកួតបាល់ទាត់ក្របខណ្ឌ Premier League រដូវកាល២០១៩/២០២០ បានបិទបញ្ចប់ហើយនៅថ្ងៃអាទិត្យទី២៦ ខែកក្កដា ដោយ Manchester United និង Chelsea បញ្ចប់នៅចំណាត់ថ្នាក់លេខ៣ និងលេខ៤រៀងៗខ្លួន ខណៈ Leicester City ដែលចាញ់បិសាចក្រហមបានរអិលទៅលេខ៥។
សម្រាប់ក្រុមត្រូវកាត់ចេញទៅក្របខណ្ឌ Championship គឺ Bournemouth, Watford និង Norwich City។
ចំពោះពានរង្វាន់ឯកត្តជនចំនួន៣ដែលមានអ្នកទាត់ចូលច្រើនជាងគេ, អ្នកបញ្ជូនច្រើនជាងគេ និងអ្នកចាំទីរក្សាសំណាញ់បានល្អជាងគេក៏ត្រូវបានប្រគល់ដល់ម្ចាស់ជយលាភីរួចរាល់ដែរ។
Jamie Vardy របស់ Leicester City គឺជាម្ចាស់ស្បែកជើងមាសដោយរកបាន២៣គ្រាប់។ ក្នុងវ័យ៣៣ឆ្នាំ ខ្សែប្រយុទ្ធអង់គ្លេសរូបនេះក្លាយជាកីឡាករចាស់ជាងគេដែលយកបានស្បែកជើងមាសនៅ Premier League។
ចំណែកអ្នកបញ្ជូន ឬ Assists ច្រើនជាងគេបានទៅលើ Kevin De Bruyne ដែលធ្វើបាន២០លើកស្មើកំណត់ត្រារបស់ Thierry Henry កាលលេងនៅ Arsenal ឆ្នាំ២០០២/២០០៣។
ចុងក្រោយគឺអ្នកចាំទី Ederson Moraes របស់ Manchester City ដែលធ្វើបាន clean sheet ១៦ដង យកស្រោមដៃមាស៕