ម៉ាត់ នូរុណ និយាយបែបនេះក្រោយទាត់ចូលភ្នំពេញក្រោនពីរគ្រាប់
ខ្សែប្រយុទ្ធឆ្នើម ម៉ាត់ នូរុណ លើកឡើងថា ការទាត់បញ្ចូលទីពីរគ្រាប់ក្នុងសំណាញ់ភ្នំពេញក្រោន ពេលបឹងកេតឈ្នះ៣ទល់នឹង១ នៃជំនួបក្របខណ្ឌកំពូលកម្ពុជា នៅថ្ងៃអាទិត្យ ទី២៦ ខែកក្កដា បានកើតចេញបច្ចេកទេសបូករួមដោយសំណាង។
កីឡាករវ័យ២២ឆ្នាំទាត់បញ្ចូលទីពីរគ្រាប់នៅនាទីទី០៧ និងនាទី៩០បូក០១ ហើយបញ្ជូនឲ្យឱ ភារុណ ទាត់គ្រាប់ទីពីរនៅនាទី៦៣។ គេថា សប្បាយចិត្តដែលទទួលបានលទ្ធផលល្អក្នុងការប្រកួតដ៏សំខាន់នេះ និងជាអ្វីដែលគេចង់បានតាំងពីយូរមកដែរ។
នូរុណ រៀបរាប់បែបនេះ “៖បាល់ទាត់ គឺពឹងផ្អែកទៅលើបច្ចេកទេស ហើយក៏បូកផ្សំនឹងសំណាងដែរ។ ខ្ញុំសប្បាយចិត្តចំពោះការខំប្រឹងរបស់ខ្លួនឯង និងជាកីឡាករល្អប្រចាំការប្រកួតនេះ ហើយខ្ញុំក៏សប្បាយចិត្តចំពោះលទ្ធផលព្រោះខ្ញុំចង់បានលទ្ធផលនេះយូរហើយ។ គោលបំណងរបស់ខ្ញុំមកទីនេះ គឺចង់បានជោគជ័យដល់ក្លិប។”
ក្រោយរួមចំណែកយ៉ាងសំខាន់ក្នុងការប្រកួតដែលអ្នកគាំទ្របាល់ទាត់កម្ពុជាហៅថា El Clasico Khmer នោះ ម៉ាត់ នូរុណ ត្រូវបានជ្រើសរើសជាកីឡាករល្អប្រចាំការប្រកួតទៀតផង។
គួរដឹងដែរថា នេះក៏បរាជ័យលើកដំបូងរបស់ភ្នំពេញក្រោនក្នុងការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលកម្ពុជារដូវកាល២០២០។
ដូច្នេះមានន័យថា គិតត្រឹមពេលនេះ ព្រះខ័នរាជស្វាយរៀង, បឹងកេត និងណាហ្គាវើលដ៍ នៅតែបន្តភាពមិនចាញ់របស់ពួកគេ៕
រូបភាព ៖ CNCC