
យុវជន U18 Ipswich ម្នាក់ត្រូវបានកោះហៅចូលជំរំហ្វឹកហាត់ U19 ឥណ្ឌូនេស៊ី
ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ី អាយុក្រោម១៩ឆ្នាំ បានកោះហៅខ្សែការពារ Elkan Baggot ពីក្រុមថ្នាល U18 Ipswich Town ចូលរួមជំរំហ្វឹកហាត់ជាមួយសមាជិកឯទៀត ត្រៀមចូលរួមព្រឹត្តិការណ៍ AFC U19 Championship 2020 នៅប្រទេសអ៊ូបេគីស្ថាន ខែតុលា ខាងមុខ។
យុវជនកូនកាត់អង់គ្លេសឥណ្ឌូនេស៊ីខាងលើស្ថិតក្នុងបញ្ជីបឋម៤៦នាក់ក្នុងការបោះជំរំហ្វឹកហាត់នៅក្រុងហ្សាការតាពីចន្លោះថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី០៨ ខែសីហា។
Elkan បច្ចុប្បន្នវ័យ១៨ឆ្នាំកម្ពស់១ម៉ែត្រ៩៤ មានឪពុកជនជាតិអង់គ្លេស ម្ដាយឥណ្ឌូនេស៊ី និងលេងជាខ្សែការពារកណ្ដាល ត្រូវបានគេប្រមើលមើលថា នឹងក្លាយជាតារាឆ្នើមមួយរូបនាពេលអនាគត។ គេធ្លាប់រួមចំណែកជួយ U18 Ipswich ឈ្នះពានរង្វាន់យុវជនមួយ ក្រោយឈ្នះ Manchester United និង Tottenham Hotspur។
ក្រៅពី Elkan Baggot សហព័ន្ធបាល់ទាត់ឥណ្ឌូនេស៊ីក៏បានទាក់ទងកីឡាករជាកូនកាត់ផ្សេងៗកំពុងនៅអឺរ៉ុបដូចជា Joe Ferguson (U18 Blackburn Rovers), Jack Brown (U18 Lincoln City) និង Nyoman Paul Aro (U19 ) ជាដើម។
គួរដឹងដែរថា ក្នុងព្រឹត្តិការណ៍ AFC U19 Championship 2020 ឥណ្ឌូនេស៊ី ស្ថិតនៅពូល A មានម្ចាស់ផ្ទះអ៊ូបេគីស្ថាន, អ៊ីរ៉ង់ និងកម្ពុជា។ ពួកគេនឹងបើកឆាកតទល់កម្ពុជានៅថ្ងៃទី១៤ ខែតុលា។ ក្រុម U19 ពិតជាសំខាន់ខ្លាំងសម្រាប់ឥណ្ឌូនេស៊ី ព្រោះពួកគេនឹងធ្វើជាម្ចាស់ផ្ទះ FIFA World Cup U20 នៅឆ្នាំ២០២១ ខាងមុខ៕