ក្លិបចំនួន២០ធានាកៅអីវគ្គចែកពូល UCL រដូវកាលក្រោយ
ទោះការប្រកួតបាល់ទាត់ UEFA Champions League រដូវកាល២០១៩/២០២០ មិនទាន់បិទទំព័រនៅឡើយ តែការប្រកួតជម្រុះជុំដំបូងនឹងចាប់ផ្ដើមពីថ្ងៃទី១៧ ខែកក្កដា សប្ដាហ៍នេះទៅហើយ។
សម្រាប់វគ្គចែកពូលវិញនឹងចាប់ផ្ដើមពីថ្ងៃទី២០ និង២១ តុលា ហើយគិតមកទល់ពេលនេះមានក្លិបចំនួន២០ហើយបានកក់កៅអីក្នុងវគ្គចែកពូល។
ក្លិបទាំងនោះមានមកពីប្រទេសដូចខាងក្រោម ៖
អង់គ្លេស៖ Liverpool និង Manchester City ទទួលបានកៅអីវគ្គចែកពូលរួចរាល់ហើយ ខណៈ Chelsea, Leicester, Man Utd និង Wolverhampton ត្រូវប្រជែងគ្នាយកពីរកៅអីទៀត។
អេស្ប៉ាញ ៖ Real Madrid, Barcelona, Atletico Madrid និង Sevilla ត្រូវអង្គុយចាំនៅវគ្គចែកពូលរួចស្រេច។ សម្រាប់ Real Madrid អាចនឹងទៅចាំក្នុងនាមជើងឯក La Liga ប្រសិនបើធ្វើបានល្អពីការប្រកួតនៅសល់ពីរលើកទៀត។
អ៊ីតាលី ៖ Juventus, Atalanta, Inter និង Lazio ទទួលបានសំបុត្រលេងវគ្គចែកពូលរួចហើយ។
អាល្លឺម៉ង់៖ Bayern Munich, Dortmund, Leipzig និង Monchengladbach។ គ្មានអ្វីភ្ញាក់ផ្អើលទេសម្រាប់ក្របខណ្ឌ Bundesliga ដោយ Bayern Munich ជាជើងឯកសាជាថ្មី ខណៈរដូវកាលនេះក៏មានបំណងយកជើងឯក៣កម្មវិធីផ្សេងគ្នាដែរ។
បារាំង៖ PSG និង Marseille។ ការបញ្ចប់មុនកំណត់នៃក្របខណ្ឌកំពូលបារាំងបានជួយឱ្យ Marseille ទទួលបានកៅអីទាំងមិនបាច់ប្រជែងជាមួយ Lille និង Rennes។
ប៊ែលហ្ស៊ីក៖ Club Brugge។ ក្របខណ្ឌកំពូលបែលហ្ស៊ិកបញ្ចប់ជាមួយនឹងជើងឯកបានទៅលើ Club Brugge។ Gent នឹងបញ្ចប់ក្នុងចំណាត់ថ្នាក់ទី ២ តែត្រូវចាប់ UEFA Champions League ចាប់ពីវគ្គជម្រុះទី៣។
រុស្ស៊ី៖ Zenit បានការពារតំណែងជើងឯកលីគកំពូលរុស្ស៊ីដោយជោគជ័យ។ ការប្រកួតជម្រុះតាមពូលនៃក្របខណ្ឌ Champions League ដែលនៅសល់គឺត្រូវប្រកួតប្រជែងគ្នារវាង Krasnodar និង Lokomotiv Moscow ។
អ៊ុយក្រែន៖ Shakhtar Donetsk៖ ៤ រដូវកាលបានកន្លងផុតទៅហើយដែលក្របខណ្ឌកំពូលអ៊ុយក្រែននៅតែជាកម្មសិទ្ធិរបស់ក្លិបនៅ Olimpiyskiy។
ទួរគី៖ Istanbul Basaksehir ៖ ក្របខណ្ឌកំពូលទួរគីក៏បានបញ្ចប់ដែលក្លិប Istanbul Basaksehir ឈ្នះជើងឯកលើកដំបូង។ ក្លិប Okan Buruk និង Trabzonspor ត្រូវឆ្លងកាត់វគ្គជម្រុះបឋម៕