
Arteta មិនចង់បាត់បង់ Guendouzi និង Ozil
(BC-99)
លោក Mikel Arteta គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal នៅតែរំពឹងថាក្រុមរបស់លោកនឹងមានភាពល្អប្រសើរបើទោះជាអវត្តមានកីឡាករខ្លះដែលក្នុងនោះមាន Matteo Guendouzi និង Mesut Ozil បានធ្វើអោយក្រុមរបស់លោកទទួលរងផលប៉ះពាល់មិនល្អក៏ដោយ។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះធ្លាប់បានចេញមកបញ្ជាក់ហើយថាលោកចង់អោយកីឡាករទាំងអស់បន្តស្នាក់នៅកីឡដ្ឋាន Emirates ជាបន្តដោយលោកមិនចង់ឃើញអ្នកណាម្នាក់ត្រូវចាកចេញពីក្លឹបនោះទេ។
ក៏ប៉ុន្តែក៏មានការលំអិតបន្ថែមពីគ្រូបង្វឹកវ័យ ៣៨ឆ្នាំរូបនេះដែរថា សម្រាប់កីឡាករដែលលោកមិនចង់បាត់បង់នោះគឺជាប្រភេទកីឡាករដែលគោរពតម្លៃរបស់ខ្លួននិងក្លឹប ហើយជាកីឡាករដែលមានការប្តេជ្ញាខ្ពស់ ១០០ ភាគរយនិងមានវប្បធម៌ក្នុងការទទួលខុសត្រូវនូវទង្វើរបស់ផងខ្លួន។
Arsenal កំពុងតែឋិតនៅចំណាត់ថ្នាក់លេខ៨នាពេលបច្ចុប្បន្ននឹងចាញ់៨ពិន្ទុពីក្រុមលេខ៤ Chelsea ដែលមាន៥៤ពិន្ទុ ដូចនេះសម្រាប់លោក Arteta វាហាក់ដូចជាឋិតនៅមិនឆ្ងាយប៉ុន្មានទេសម្រាប់កៅអី Champions League ខណៈដែលការប្រកួតរបស់ពួកគេនៅសល់ចំនួន៦ដងទៀត។ តែទោះជាយ៉ាងណាក៏ដោយចុះក៏ Arsenal អាចនឹងមានការប្រែប្រួលចំណាត់ថ្នាក់ជាបន្តទៀតក្រោយពីពួកគេប្រកួតជាមួយ Wolverhampton រួចនាសប្តាហ៍នេះ។