ពីរគ្រាប់របស់ Aubameyang ក្នុងសំណាញ់ Norwich យប់មិញបង្កើតបានកំណត់ត្រាពិសេសមួយ
Pierre-Emerick Aubameyang បង្កើតកំណត់ត្រាមួយនៅ Premier League ក្រោយបំប៉ោងសំណាញ់ទីបានពីរគ្រាប់ក្នុងចំណោមជ័យជម្នះ៤ទល់នឹង០របស់ Arsenal លើ Norwich City នៅថ្ងៃពុធ ទី០១ ខែកក្កដា។
ខ្សែប្រយុទ្ធជនជាតិហ្គាបុងក្លាយជាកីឡាកររកបាន៥០គ្រាប់នៅក្របខណ្ឌកំពូលអង់គ្លេស ដោយចំណាយត្រឹម៧៩ប្រកួត លឿនជាងអតីតវីរបុរសកាំភ្លើង គឺ Thierry Henry ដែលធ្វើបានក្នុងចំណោម៨៣ប្រកួត។
លទ្ធផលនេះក៏ធ្វើឲ្យ Aubameyang ឈរលំដាប់ទី៦ក្នុងតារាងរួមដែលអតីតខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស លោក Andy Cole ក្ដាប់កំពូលតារាង ធ្វើបាន៥០គ្រាប់ពីការបង្ហាញខ្លួន៦៥ប្រកួត។
បច្ចុប្បន្ន Aubameyang កំពុងកាន់កំពូលតារាងអ្នកទាត់ចូលច្រើនជាងគេបណ្ដោះអាសន្ននៅ Premier League រដូវកាលនេះ រកបាន១៩គ្រាប់ស្មើ Jamie Vardy របស់ Leicester City៕