មូលហេតុដែលធ្វើឱ្យក្លិប Siem Reap United យកសត្វខ្ទីង ជាសត្វតំណាង
តើមូលហេតុអ្វីបានជា ក្លិប សៀមរាប យូណាយធីត (Siem Reap United) បានជ្រើសរើសយកសត្វ ខ្ទីង ជាប្រភេទសត្វកម្ររបស់ពិភពលោក មកធ្វើជាសត្វតំណាងក្នុងនិមិ្មតសញ្ញាក្លិបរបស់ពួកគេ? ខាងក្រោមនេះ ជាការរៀបរាប់អំពីមូលហេតុក្លិបបាល់ទាត់ពាក់កណ្តាលអាជីពនាខេត្តសៀមរាបនេះបានបង្ហាញ។
សត្វ ខ្ទីង ត្រូវបានចាត់ទុកជាប្រភេទសត្វព្រៃកម្ររបស់ពិភពលោកដែលបានចុះក្នុងបញ្ជីក្រហម IUCN ក្នុងកម្រិត VU មានន័យថាជាសត្វងាយរងគ្រោះថ្នាក់ជាសាកល។ បច្ចុប្បន្នសត្វខ្ទីង ទូទាំងពិភពលោកមានចំនួនប្រមាណជាង ២១ ០០០ក្បាល ដែលភាគច្រើនរស់នៅក្នុងប្រទេសនាតំបន់អាស៊ីខាងត្បូង និងតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះ។ ក្នុងប្រទេសកម្ពុជាយើង សត្វខ្ទីង ត្រូវបានចាត់បញ្ចូលក្នុងប្រភេទសត្វកម្រជិតផុតពូជ។ ភាគច្រើនសត្វខ្ទីង បានរស់នៅក្នុងភូមិភាគឦសាន និងភូមិភាគខាងជើងប្រទេសកម្ពុជា។ ខ្ទីងមានមាឌធំ ខ្លួនខ្មៅ បូកក្រាស់លាតសន្ធឹងរហូតដល់ស្ទើរពាក់កណ្តាលខ្នង កវាមានប្រវែងខ្លីបន្តិច ដោយមានបូកនៅផ្នែកខាងក្រោម ។ ជើងទាំងបួនចាប់ពីជង្គង់ចុះក្រោមពណ៌ប្រផេះ ។ នៅលើថ្ងាស មានរោមវែងពណ៌ប្រផេះ ឬពណ៌លឿងស្រាល ។ ជាមធ្យមសត្វខ្ទីង មានទម្ងន់ចន្លោះពី ១តោន ទៅ ១តោនកន្លះ។
ដោយសារតែ សត្វខ្ទីង គឺជាសត្វដែលមានមាឌមាំ និងកម្លាំងខ្លាំង និងជាប្រភេទសត្វកម្រដែលត្រូវការជាចាំបាច់ក្នុងការចូលរួមការពារ និងផ្សព្វផ្សាយដល់មជ្ឈដ្ឋានទូទៅ។ ទាំងនេះជាមូលហេតុ សៀមរាប យូណាយធីត សម្រេចជ្រើសរើសនិមិ្មតសញ្ញាពួកយើង។ រូប ខ្ទីង គឺជានិមិ្មតសញ្ញាតំណាងឲ្យភាពរឹងមាំ រឹងបុឹង ខ្លាំងក្លា ដែលជាមូលដ្ឋានគ្រឹះនៃក្រុមទាំងមូល ក៏ដូចជាការបង្ហាញនៃមោទកភាពជាតិជារួមផង៕