
Bayer Leverkusen នៅតែសង្ឃឹមថានឹងរក្សា Havertz សម្រាប់រដូវកាលក្រោយ
(BC-99)
Bayer Leverkusen សង្ឃឹមថានឹងរក្សា Kai Havertz សម្រាប់រដូវកាលក្រោយដោយសម្អាងថាមិនមានគោលការណ៍ឱ្យរូបគេចាកចេញដើម្បីកាត់បន្ថយការចំណាយរបស់ក្លឹបនោះទេ។
កីឡាករខ្សែបម្រើប្រយុទ្ធវ័យ ២០ ឆ្នាំរូបនេះបានវិវត្តន៍ទេពកោសល្យដ៏អស្ចារ្យនៅក្របខណ្ឌ Bundesliga និងកំពុងតែផ្សារភ្ជាប់ជាមួយនឹងការចង់បានពីក្លឹបកំពូលៗជាច្រើនរួមមាន Bayern Munich, Real Madrid និង Liverpool ។
មានការរំពឹងទុកជាច្រើនដូចៗគ្នាថាកីឡាកររូបនេះនឹងអាចចាកចេញនៅក្រោយពីបញ្ចប់រដូវកាល ២០១៩-២០ នេះ។ ប៉ុន្តែលោក Simon Rolfes នាយកកីឡា Leverkusen មានសុទិដ្ឋិនិយមក្នុងការរក្សាកីឡាករឆ្នើមរបស់ពួកគេជាបន្តទៀត។ លោកក៏បានរម្លឹកដល់ក្លឹបណាដែលចង់បានកីឡាករឆ្នើមម្នាក់នេះពី Leverkusen អោយត្រៀមកញ្ចប់លុយមហាសាលអោយហើយទៅ។
Rolfes បានប្រាប់ Sport1 ថា៖ “យើងមានក្តីសង្ឃឹមហើយយើងចង់អោយ Kai លេងជាមួយយើងបន្តទៀតនៅរដូវកាលក្រោយ។ យើងកំពុងពិភាក្សាជាមួយរូបគេបើទោះជាមានការវាយលុកពីបណ្តារសារព័ត៌មានអេចអូចក៏ដោយ។ ប្រសិនបើជាគេត្រូវតែចាកចេញដោយជៀសមិនផុត តម្លៃសម្រាប់កីឡាករកំពូលដូចជាគេដាច់ខាតត្រូវតែខ្ពស់”។
សូមបញ្ជាក់ថា Kai Havertz រកបាន ១១ គ្រាប់និងបញ្ជូនបាល់បាន ៥ គ្រាប់ពីការបង្ហាញខ្លួន ២៦ លើកនៅ Bundesliga នារដូវកាលនេះ។ គេបានអវត្តមានចេញពីការប្រកួតដែលបានចាញ់ក្រុម Bayern ៤-២ កាលពីថ្ងៃសៅរ៍ដោយសារតែបញ្ហាសាច់ដុំ។ បច្ចុប្បន្ន Leverkusen ឈរនៅចំណាត់ថ្នាក់លេខ 5 ក្នុងតារាង Bundesliga តាមពីក្រោយតែបីពិន្ទុប៉ុណ្ណោះពីក្រុមលេខ ៣ RB Leipzig ។