
ខ្សែប្រយុទ្ធ Paulo Victor៖ ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចតាំងពីលីគចាប់ផ្តើមសម្រាកមកម្លេះ
កីឡាករខ្សែប្រយុទ្ធ Paulo Victor របស់ក្លិបបាល់ទាត់ ភ្នំពេញក្រោន បានលើកឡើងអំពីការត្រៀមខ្លួន នៅពេលដែលការប្រកួតលីគកំពូលកម្ពុជាត្រលប់មកវិញ ថាខ្ញុំមានអារម្មណ៍រីករាយជាខ្លាំងជាមួយនឹងព័ត៌មានបើកឱ្យមានការប្រកួតវិញក្នុងពេលឆាប់ៗខាងមុននេះ ស្របពេលដែលកីឡាករប្រេសុីលរូបនេះទើបជាសះស្បើយពីរបួសផងដែរ។
បុរសវ័យ ២៥ឆ្នាំនេះបាននិយាយថា៖ ខ្ញុំសប្បាយចិត្តជាមួយនឹងការត្រលប់មកវិញរបស់លីគកម្ពុជា ហើយសមាជិកយើងទាំងអស់ក៏ដូចគ្នាដែរ ។ ខ្ញុំមានការត្រៀមខ្លួនរួចជាស្រេចតាំងពីលីគកំពូលផ្អាកមកម្ល៉េះ ខ្ញុំតែងតែធ្វើការហ្វឹកហាត់ដើម្បីការប្រកួតខាងមុខជានិច្ច បើទោះបីជាហ្វឹកហាត់ដោយខ្លួនឯងនៅផ្ទះក៏ដោយ ។ ខ្ញុំយល់ថាមិត្តរួមក្រុមទាំងអស់ក៏ធ្វើរឿងនេះបានល្អដែរ ព្រោះយើងត្រូវតែរឹងមាំជានិច្ចទាំងអស់គ្នា ។ខ្ញុំចង់លេងក្នុងការប្រកួតហ្នឹងណាស់ ព្រោះខ្ញុំគិតថាជាការប្រកួតដ៏ធំមួយនៅកម្ពុជា យើងតែងតែជម្រុញលើកទឹកចិត្តខ្លួនឯង ក៏ដូចជាជឿជាក់លើក្រុម ដោយឆ្នាំនេះយើងមានភាពរឹងមាំច្រើន ដូច្នេះខ្ញុំសង្ឃឹមថាយើងនឹងយក៣ពិន្ទុបានពីការប្រកួតនោះ ។
គួរបញ្ជាក់ផងដែរថា បើសិនជាការប្រកួតត្រលប់មកវិញនោះឈរកំពូលតារាង ភ្នំពេញក្រោន នឹងត្រូវប្រកួតជាមួយ វិសាខា ដែលកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៣ ដោយមាន ៩ពិន្ទុក្នុងដៃ តាមពីក្រោយក្រុមលេខ១ ចំនួន ៤ពិន្ទុ ខណៈថ្ងៃប្រកួតជាក់លាក់នៅរង់ចាំសេចក្តីប្រកាសពីសហព័ន្ធបាល់ទាត់កម្ពុជា៕
ប្រភព៖ ភ្នំពេញក្រោន