Bruno សន្យាចំពោះអ្នកគាំទ្រ Man Utd ក្រោយពេលចាញ់នៅ King Power
(BC-99)
អ្នកទាត់បាល់អាជីពសញ្ជាតិព័រទុយហ្កាល់ Bruno Fernandes បានចេញមកសន្យាជាមួយអ្នកគាំទ្រក្រុមបិសាចក្រហម Manchester United ថានឹងមិនច្រានចោលនូវការទិទានពីអ្នករាល់គគ្នាដែលចង់កែទម្រង់លេងមិនល្អរបស់ពួកគេ។
ក្រុមបិសាចក្រហមបានចាញ់ក្រុម Leicester City ដោយលទ្ធផល ៤-២ នៅក្រៅទឹកដីក្នុងក្របខ័ណ្ឌ Premier League កាលពីថ្ងៃសៅរ៍កន្លងមកដែលវាបានក្លាយជាប្រធានបទដែលអ្នកគាំទ្របាល់ទាត់យកទៅជជែកនិងចំអកយ៉ាងផុសផុលក្នុងកម្មវិធីទូរទស្សន៍ វិទ្យុ និងបណ្តាញសង្គម។
នៅក្នុងការប្រកួតនោះតាមពិតទៅក្រុមរហស្សនាម បិសាចក្រហម បាននាំមុខមុនទៅហើយប៉ុន្តែពួកគេមិនអាចធានាការនាំមុខនេះឱ្យបានយូរអង្វែងនោះទេក្រោយពី Tielemans បានតាមស្មើមកវិញនៅតង់ទី១។ ចូលដល់តង់ទី២ Soyuncu ជាអ្នកស៊ុតឱ្យ Leicester នាំមុខវិញម្តងតែត្រូវបាន Rashford ជួយឱ្យក្រុមបិសាចតាមបានស្មើ ២-២។ ទោះយ៉ាងណាក៏ដោយក៏ក្រុមលោក Ole មិនមានសំណាងយកបានសូម្បីតែ១ពិន្ទុក្រោយពី Vardy និង Daka ជាអ្នកស៊ុតគ្រាប់ទី៣និងទី៤ដើម្បីបិទបញ្ចប់ការប្រកួតយកបាន៣ពិន្ទុបានតែម្តង។
Bruno Fernandes គឺជាកីឡាករម្នាក់គត់ដែលបានបញ្ចេញអារម្មណ៍សោកស្តាយនូវបរាជ័យដ៏ជូរចត់មួយនេះក្រោយពីក្រុមរបស់ខ្លួនរកបានតែ១ពិន្ទុប៉ុណ្ណោះចេញពីការប្រកួត៣លើកចុងក្រោយនៅក្របខណ្ឌ PL។