Icardi យល់ព្រមសំណើរជាកីឡាកររបស់ Paris Saint Germain អចិន្ត្រៃយ៍
(BC-99)
Mauro Icardi បានបញ្ចប់ការផ្លាស់ប្តូរពីក្រុម Inter ទៅកាន់ Paris Saint-Germain ជាអចិន្ត្រៃយ៍បន្ទាប់ពីក្លឹបលេខ១នៅ Ligue 1 បានសម្រេចក្នុងការចរចារទិញយកខ្សែប្រយុទ្ធរូបនេះ។
Icardi បានផ្លាស់មកលេងអោយ PSG ក្នុងលក្ខខណ្ឌខ្ចីជើងតាំងពីឆ្នាំមុនបន្ទាប់ពីកីឡាករសញ្ជាតិ អាហ្សង់ទីន ម្នាក់នេះត្រូវបានក្រុម Inter មើលរំលងពីសមត្ថភាពលេងរបស់គេ។ នៅឆមាសទីមួយនៃរដូវកាល ២០១៩-២០២០ Icardi បែរជាបានបង្ហាញនូវភាពល្អប្រសើររបស់ខ្លួនលើទឹកដី Parc de Princes ដែលធ្វើអោយកីឡាករវ័យ ២៧ ឆ្នាំរូបនេះអាចប្រជែងយកតំណែងរបស់ Edinson Cavani ក្នុងជម្រើស ១១ នាក់ដំបូង និងបានចាប់ដៃគូសហការណ៍គ្នាយ៉ាងស្អិតរមួតជាមួយ Neymar និង Kylian Mbappe ។ ទោះបីជាលេងធ្លាក់ទម្រង់បន្តិចនៅដើមខែមករាក៏ដោយ ក៏គេអាចស៊ុតបាល់បញ្ចូលទីបានចំនួន ១២ គ្រាប់ក្នុងការបង្ហាញខ្លួន ២០ លើកដែរ។
នាយកប្រតិបត្តិរបស់ Inter លោក Piero Ausilio កាលពីពេលថ្មីៗនេះបានបញ្ជាក់ថាកិច្ចសន្យាខ្ចីជើងរវាង PSG និង Icardi នឹងត្រូវផុតកំណត់នៅថ្ងៃទី ៣១ ខែឧសភានេះ ហើយក្រុមម្ចាស់ជើងឯកបារាំងបានធ្វើការសម្រចចិត្តផ្លាស់ប្តូរទាន់ពេលវេលាដោយបានផ្តល់កិច្ចសន្យាអោយកីឡាកររូបនេះដល់ខែ មិថុនា ឆ្នាំ ២០២៤ លើតម្លៃខ្លួន ៥០ លានផោន ប៉ុន្តែកិច្ចព្រមព្រៀងនេះអាចឈានដល់ ៥៧ លានផោន។