Juventus ត្រៀមហ្វឹកហាត់ទ្រង់ទ្រាយធំឡើងវិញ ក្រោយសមាជិកទាំងអស់ធ្វើតេស្តអវិជ្ជមានកូវីដ១៩
កាលពីដើមខែឧសភា Juventus បានធ្វើការកោះហៅកីឡាកររបស់ខ្លួនទាំងអស់ត្រឡប់មកវិញដើម្បីធ្វើការជួបជុំហ្វឹកហាត់ ក្រោយពេលដែលក្របខ័ណ្ឌ Serie A មានគម្រោងចាប់ផ្តើមប្រកួតឡើងវិញនៅខែក្រោយ បន្ទាប់ពីអត្រាអ្នកឆ្លងវីរុសកូវីដ១៩នៅក្នុងប្រទេសអ៊ីតាលីមានភាពថមថយចុះ។
សមាជិកមួយចំនួនធំបានធ្វើការហ្វឹកហាត់វិញជាបណ្តើរៗក្នុងលក្ខណៈក្រុមតូចតាមការកោះហៅ ដោយឡែកសម្រាប់ខ្សែប្រយុទ្ធ Cristiano Ronaldo ជាអ្នកដែលបង្ហាញខ្លួននៅទីលានហ្វឹកហាត់របស់ក្រុមរហស្សនាមសេះបង្កង់ចុងក្រោយគេបង្អស់ ក្រោយពីត្រឡប់មកដល់ទីក្រុង Turin វិញនឹងបានដាក់ខ្លួនដាច់ដោយឡែកបានរយៈពេល១៤ថ្ងៃរួចរាល់។
យ៉ាងណាក្តីក្រុមជើងឯក Serie A ៣៥សម័យបានប្រកាសថានឹងចាប់ផ្តើមហ្វឹកហាត់ទ្រង់ទ្រាយធំឡើងវិញ ក្រោយពីកីឡាករទាំងអស់បានធ្វើតេស្តចេញសញ្ញាអវិជ្ជមានកូវីដ១៩។
គួរឱ្យដឹងថា កាលពីចុងខែមេសា នាយករដ្ឋមន្រ្តីអ៊ីតាលី លោក Giuseppe Conte បានប្រកាសអនុញ្ញាតឱ្យកីឡាករទាំងអស់នៅក្របខ័ណ្ឌនឹងចាប់ផ្តើមហ្វឹកហាត់ជាលក្ខណៈឯកជន មុនពេលធ្វើការហ្វឹកហាត់ជាក្រុម ខណៈក្របខ័ណ្ឌ Serie A នឹងមានគម្រោងចាប់ផ្តើមប្រកួតឡើងវិញនៅថ្ងៃទី១៣ ខែឧសភាដើម្បីបញ្ចប់រដូវកាល២០១៩/២០របស់ខ្លួន។
ដោយឡែក សហព័ន្ធបាល់ទាត់អ៉ីតាលីមានបំណងចង់បញ្ចប់ក្របខ័ណ្ឌ Serie A រដូវកាលនេះត្រឹមថ្ងៃទី២០ ខែសីហាខាងមុខ ផងដែរ ដោយចាប់ផ្តើមរដូវកាលថ្មី២០២០/២១ នៅថ្ងៃទី១ ខែកញ្ញាតែម្តង។