Bayern Munich ត្រៀមលុយទិញកីឡាករឆ្នើមៗតាមការចង់បានរបស់លោក Flick ដើម្បីធ្វើអោយកក្រើក Champions League
(BC-99)
ក្រុម Bayern Munich បានត្រៀមខ្លួនចុះហត្ថលេខាទិញយកកីឡាករដ៏ល្បីចំនួនពីរនាក់នៅទ្វីបអឺរ៉ុបទៅតាមការចង់បានរបស់លោក Flick ដែលជាអ្នកចាត់ការទូរទៅដើម្បីយកមកអង្រួនពានរង្វាន់ UEFA Champions League រដូវកាលក្រោយ។
ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Bundesliga មួយនេះមានមហិច្ឆតាចង់គ្រប់គ្រងពានរង្វាន់មិនថាជាពានក្នុងស្រុកឬក៏ក្រៅស្រុកអ្វីឡើយ ហើយគេតែងតែចាត់ទុកការទៀមទារបស់លោក Hansi Flick ក្នុងការដោះដូរកីឡាករគឺជារឿងត្រឹមត្រូវនិងសាកសមសម្រាប់ក្លិបបាល់ទាត់ដ៏ជោគជ័យមួយនេះ។
Bayern ដែលបានឈ្នះជើងឯក Champions League លើកចុងក្រោយបំផុតក្នុងឆ្នាំ ២០១៣ កំពុងតែផ្តោតក្តីសង្ឃឹមរបស់ខ្លួនទៅលើសហព័ន្ធ UEFA ថានឹងសម្រេចចិត្តបបន្តការប្រកួតប្រជែងរបស់ខ្លួនឡើងវិញបន្ទាប់ពីកម្មវិធីប្រកួតកំពុងតែផ្អាកជាបណ្តោះអាសន្ននាពេលបច្ចុប្បន្នដោយសារតែជំងឺរាតត្បាត។
នាយកប្រតិបត្តិរបស់ក្លិបលោក Hasan Salihamidzic បានប្រាប់កាសែត Welt am Sonntag ថា“ យើងចង់ពង្រឹងខ្លួនយើងជាមួយនឹងទេពកោសល្យរបស់កំពូលកីឡាករអឺរ៉ុប ហើយក៏ចង់នាំយកតារាបាល់ទាត់កម្រិតអន្តរជាតិពីររូបនេះមកកាន់ទីក្រុង Munich ដែលពួកគេនឹងជួយបង្កើនគុណភាពក្រុមរបស់យើងទាំងមូលនិងជួយក្រុមផ្តល់មានលទ្ធភាពផ្តល់ជូនអ្នកទស្សនានូវភាពទាក់ទាញនិងភាពខ្លាំងរបស់ពួកយើង។ ពួកយើងទាំងអស់គ្នាចង់ឈ្នះពានរង្វាន់ Champions League ដោយមិនមានបញ្ហាខាងសេដ្ឋកិច្ចឡើយ” ។
ក្រុម Bayern កំពុងកើនឡើងជើងយ៉ាងខ្លាំងសម្រាប់ការប្រកួតប្រជែងពានរង្វាន់ក្នុងស្រុក Bundesliga ដែលត្រូវបានផ្អាកតាំងពីខែមីនាកន្លងទៅ ពួកគេត្រូវបានរំពឹងថានឹងឈ្នះពានរង្វាន់លីគ អាល្លឺម៉ង់ ជាលើកទី ៣០ ប្រសិនបើរដូវកាលនេះបន្តសកម្មភាពវិញ។
គួរបញ្ជាក់ដែរថាខ្សែប្រយុទ្ធរបស់ក្រុម RB Leipzig Timo Werner និងខ្សែបម្រើស្លាប Leroy Sane របស់ក្រុម Manchester City ក៏ស្ថិតក្នុងចំណោមកីឡាករដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្រុម Bayern នៅចុងបញ្ចប់នៃរដូវកាល ២០១៩-២០ នេះដែរ។