កីឡាករបាល់ទាត់ថៃម្នាក់វ៉ៃកែងគូប្រកួតបែក២៤ថ្នេរ ល្បីដល់អឺរ៉ុប
កីឡាករ Aitsaret Noichaiboon ត្រូវបានក្លិប Bangkok FC នៃលីគទី៣ថៃបញ្ចប់កិច្ចសន្យាភ្លាមៗ បន្ទាប់ពីរូបគេវាយកែងទៅលើគូប្រកួតដែលជាកីឡាករក្លិប North Bangkok University FC ក្នុងការប្រកួតមួយនៅថ្ងៃអាទិត្យ ទី១៣ ខែមីនា។
ការវាយកែងមិនចាញ់អ្នកប្រដាល់នេះ ធ្វើឲ្យកីឡាករ Supasan Ruangsuphanimit បែក និងត្រូវបានដេរដល់ទៅ២៤ថ្នេរឯណោះ។
ថ្នាក់ដឹកនាំក្លិប Bangkok FC ពិតជាខឹងខ្លាំងចំពោះទង្វើរបស់ Aitsaret ហើយក៏សម្រេចលុបកុងត្រាចោលតែម្ដង។
Aitsaret ក៏បានសូមទោសចំពោះទង្វើមិនគប្បីនេះដែរ តែមិនអាចកែប្រែការសម្រេចបានឡើយ។ សូម្បីតែសារព័ត៌មាន the Sun, សារព័ត៌មាន Daily Star នៅអឺរ៉ុបក៏ចុះផ្សាយពីហេតុការណ៍នេះដែរ៕