ខ្សែប្រយុទ្ធ អគ្គិសនី បញ្ជាក់មូលហេតុក្លិបមិនប្រើប្រាស់កីឡាករបរទេស
ខ្សែប្រយុទ្ធក្លិបបាល់ទាត់ អគ្គិសនីកម្ពុជា កីឡាករ ឈួត សិនទៀង បានបង្ហើបមូលហេតុដែលក្លិបរក្សាគោការណ៍ប្រើប្រាស់កីឡាករក្នុងស្រុក មិនប្រើប្រាស់កីឡាករបរទេស ទោះបីពិបាកប្រកួតប្រជែងជាមួយក្លិបផ្សេងៗ ក្នុងលីគកំពូលបាល់ទាត់កម្ពុជា ។
អតីតកីឡាករភ្នំពេញក្រោន បានបញ្ជាក់ថា មូលហេតុដែលក្លិបមិនប្រើបា្រស់កីឡាករបរទេសដើម្បីជួយក្នុងក្រុមនាពេលបច្ចុប្បន្ន ដោយសារតែក្លិបមានគោលការណ៍ផ្តល់ឱកាសដល់កីឡាករក្នុងស្រុកអោយបានលេង ច្រើនដើម្បីអភិវឌ្ឃន៍កីឡាករកម្ពុជាអោយបានច្រើន ។ ខ្សែប្រយុទ្ធ រូបនេះបន្ថែមថា ទោះបីមានចំណាត់ថ្នាក់មិនល្អក្នុងលីគយ៉ាងណាក៏ដោយក៏ក្លិបនៅតែរក្សាគោលការណ៍មិនប្រើកីឡាករបរទេសដែរ ។ ក្លិបអគ្គិសនី តែងតែផ្តោតសំខាន់លើការបណ្តុះបណ្តាលកីឡាករខ្មែរ ហើយសម្រាប់ពានរង្វាន់គឺផ្តោតលើពានរង្វាន់សម្តេច ហ៊ុន សែន ដែលជាពានរង្វាន់ប្រើប្រាស់កីឡាករខ្មែរសុទ្ធ ។
ក្លិប EDC ធ្លាប់បានបណ្តុះបណ្តាលកីឡាករល្អជាច្រើនមកហើយ ដូចជាខ្សែប្រយុទ្ធ ម៉ាត់ នូរុណ លេងនៅ បឹងកេត ហើយ បច្ចុប្បន្នមានសមាជិកមួយចំនួនកំពុងតែលេងបានល្អនឹងមានការកោះចូលក្រុមជម្រើសជាតិឈុតយុវជនផងដែរ ដូចជាខ្សែ ប្រយុទ្ធ សា ទី និង សៀន សុភក្ត្រា ជាដើម ។
សូមបញ្ជាក់ថា ក្លិបបាល់ទាត់ អគ្គិសនីកម្ពុជា បានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៥ ដោយបច្ចុប្បន្នដឹកនាំដោយគ្រូបង្វឹកលោក មាស សំអឿន ។ ក្លិបធ្លាប់ទទួលបានចំណាត់ល្អក្នុងពានរង្វាន់សម្តេច ហ៊ុន សែន កាលពីឆ្នាំ ២០១៧ ដោយទទួលបានចំណាត់ថ្នាក់លេខ ៣ បន្ទាប់ពីឈ្នះ បឹងកេត ៕