វាន់ វឿន និង បឺត សង្ឃឹម កក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រខ្សែក្រវាត់គោជល់
បេក្ខភាពគុនខ្មែរចំនួនពីររូបដែលមាន បឺត សង្ឃឹម និងកីឡាករ វាន់ វឿន បានឡើងទៅកាន់ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ដំណើរឆ្ពោះទៅតាមខេត្ត បន្ទាប់ពី ពួកគេបានយកឈ្នះដៃគូរៀងៗខ្លួនកាលពីថ្ងៃ សៅរ៍ កន្លងទៅនាសង្វៀន ស៊ី អ៊ិន ស៊ី ឬស្សីកែវ ។
បឺត សង្ឃឹម និង ឡុង រ៉ាមី ដែលបានឈ្នះមកពីមណ្ឌលខេត្តកំពង់ចាមបានតតាំងគ្នាក្នុងវគ្គ៨ នាក់ចុងក្រោយនេះ ដោយឆ្លងកាត់៣ទឹកពេញជ័យជម្នះដោយឯកច្ឆ័នបានទៅលើ បឺត សង្ឃឹម ដែលធ្វើអោយរូបគេបានឡើងទៅឈរក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។
ចំណែកការប្រកួតមួយគូទៀតដែលជាអ្នកឈ្នះមកពីមណ្ឌលខេត្តបាត់ដំបង វាន់ វឿន ធ្វើបានយ៉ាងល្អដោយចំណាយពេលមិនដល់១ទឹកផងដោយបានផ្តួលសិស្សប្អូន ស៊ន រ៉ាគីម អោយបោះបង់ការប្រកួត។ ដូននេះ បឺត សង្ឃឹម និង វាន់ វឿន ត្រូវឈរចាំនៅវគ្គ៤នាក់ចុងក្រោយ ដោយរង់ចាំអ្នកឈ្នះ២រូបទៀតដែលត្រូវប្រកួតនៅថ្ងៃទី ០៩ ខែ ឧសភា ខាងមុខនេះដែលអ្នកឈ្នះមណ្ឌលសៀមរាបនិងកំពង់ធំត្រូវប៉ះគ្នា ក្នុងនោះ សេក គឹមសាន្ត ប៉ះ អេលីត កែវឡុង និង អេ ណារ័ត្ន ជួប សូត្រ វាសនា ។ សូមបញ្ជាក់ថា វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ដំណើរឆ្ពោះទៅតាម ខេត្តនឹងធ្វើការចាប់ឆ្នោតដើម្បីរកដៃគូប្រកួតរបស់ពួកគេ ដោយម្ចាស់ខ្សែក្រវាត់ក្នុងកម្មវិធីនេះនឹងទទួលបានបា្រក់រង្វាន់ចំនួន ៥ ពាន់ដុល្លារ ៕