តារាឆ្នើម Kevin De Bruyne របស់ Man City ត្រូវបានសង្ស័យថាឆ្លងវីរុសកូរ៉ូណា
(BC-99)
ខ្សែបម្រើ Kevin De Bruyne របស់ក្រុម Manchester City ត្រូវបានគេសង្ស័យថាឆ្លងវីរុស Covid-19 នៅអំឡុងពេលស្នាក់នៅជាមួយក្រុមគ្រួសារនាទីក្រុង Manchester ចក្រភពអង់គ្លេស។
De Bruynes បាននិយាយដោយមិនលាក់លាមថារូបគេបានមានអាការៈមិនស្រួលខ្លួននិងមានសញ្ញាខ្លះដូចគ្នាទៅនឹងអ្នកផ្ទុកវីរុសកូរ៉ូណា ក៏ប៉ុន្តែក្នុងថ្ងៃនេះគេគឺជាមនុស្សដែលមានសុខភាពល្អជាធម្មតា។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Sky Sport កីឡាករវ័យ ២៨ ឆ្នាំដែលបានស្នាក់នៅក្នុងទីក្រុង Manchester ជាមួយក្រុមគ្រួសាររូបនេះបាននិយាយថា “ នៅពេលនេះខ្ញុំមិនអីនោះទេ អស់រយៈពេល ២ សប្តាហ៍ហើយខ្ញុំនឹងក្រុមគ្រួសារ(ប្រពន្ធនិងកូនទាំងពីរ)មានជំងឺ(ផ្តាសាយ) តែនៅពេលនេះពួកយើងមានសុខភាពល្អហើយ” ។
កីឡាករជម្រើសជាតិ បែលហ្ស៊ិក និងក្រុមគ្រួសាររបស់គេត្រូវបានពិនិត្យរកមេរោគឆ្លងតែពុំមានសមាជិកណាម្នាក់ទទួលលទ្ធផលវិជ្ជមាននោះឡើយដោយ De Bruyne បានបញ្ជាក់ថាពួកគេបានព្យាយាមថែរក្សាខ្លួនពីការចម្លងមេរោគទៅតាមការណែរនាំនានា។ ឋិតក្នុងអំឡុងពេលនៃការស្នាក់នៅតែក្នុងផ្ទះអស់រយៈពេលជិតមួយខែនេះវាជាពេលវេលាដ៏តានតឹងមួយ តែពួកគេត្រូវតែអនុវត្តន៍ដើម្បីសុវត្ថិភាព។
ជាចុងក្រោយឆ្លើយទៅនឹងសំណួរនៃការប្រស្រ័យទាក់ទងជាមួយក្លឹប De Bruyne ក៏បានបរិយាយបន្ថែមថាគេតែងតែបានទទួលសារណែនាំពីវិធីការពាររោគឆ្លង សំណួរចម្លើយកម្សាន្ត ការអោយធ្វើលំហាត់ប្រាណនៅផ្ទះជាទៀងទាត់ និងសារជាវីឌីអូជជែកផ្ទាល់ជាមួយអ្នកចាត់ការទូទៅ Pep ក៏ដូចជាសមាជិកក្រុមដទៃទៀតដែលកំពុងស្នាក់នៅដាច់ដោយឡែកផងដែរ។