សន្និសិទកាសែតថ្ងៃដំបូង គ្រូបង្វឹក Spurs ថ្មី Jose Mourinho ឆ្លើយទៅអ្នកកាសែតវិញអស់ទាស់
កាលពីថ្ងៃអង្គារ Tottenham Hotspur បានបណ្តេញលោក Mauricio Pochettino ចេញពីក្រុម ហើយបានប្រកាសតែងតាំងលោក Jose Mourinho ជាអ្នកចាត់ការថ្មីរបស់ពួកគេនៅក្នុងថ្ងៃពុធលើកិច្ចសន្យាដែលនឹងត្រូវដំណើរការរហូតដល់ចុងបញ្ចប់រដូវកាល ២០២២-២០២៣ ។
ដោយឡែកកាលពីម្សិលមិញ នៅក្នុងសន្និសិទសារព័ត៌មានក្នុងនាមជាគ្រូបង្វឹកថ្មីរបស់ក្រុមមាន់ខ្នាយមាស លោក Jose Mourinho ត្រូវបានអ្នកសារព័ត៌មានជាច្រើនជជីកសួរ ដោយមានម្នាក់បានសើរើកកាយយករឿងចាស់កាលពី៤ឆ្នាំមុន ពោលគឺបុរសសញ្ជាតិព័រទុយហ្គាល់ធ្លាប់បដិសេធថា គ្មានថ្ងៃទៅដឹកនាំ Spurs នោះទេ នៅពេលគេសួរថាតើលោកអាចចោល Chelsea ទៅដឹកនាំ Spurs ឬអត់។ “កាលពី៤ឆ្នាំមុនលោកនិយាយថា នឹងមិនទៅដឹកនាំ Spurs ដាច់ខាតព្រោះតែស្រឡាញ់អ្នកគាំទ្រ Chelsea ខ្លាំងណាស់ ចុះហេតុអ្វីលោកផ្លាស់ប្ដូរ? បុរសដែលមានរហស្សនាមថា The Special One បានឆ្លើយថា៖ “ពាក្យនោះខ្ញុំនិយាយមែន ប៉ុន្តែនិយាយមុនក្លឹបបណ្ដេញខ្ញុំចេញ”។
ចំណែកឯ អ្នកកាសែតមួយរូបផ្សេងទៀតក៏សួរថា តើការចាញ់វគ្គផ្តាច់ព្រ័តពានរង្វាន់ UEFA Champions League ជះឥទ្ធិពលដល់ Tottenham Hotspur ដែរឬទេ? Jose Mourinho ក៏ឆ្លើយទៀតថា “ខ្ញុំមិនដឹងទេ ព្រោះខ្ញុំមិនដែលចាញ់វគ្គផ្តាច់ព្រ័តពានរង្វាន់ UEFA Champions League ផង”។
គួរបញ្ជាក់ថា លោក Jose Mourinho នឹងត្រូវដឹកនាំ Tottenham Hotspur ជាលើកដំបូងប្រកួតជាមួយ West Ham United នៅក្របខ័ណ្ឌ Premier League នាថ្ងៃសៅរ៍នេះនាវេលាម៉ោង៧:៣០នាទី។