Raheem Sterling ត្រូវបានលោក Gareth Southgate ដកចេញពីក្រុមជម្រើសជាតិបន្ទាប់ពីព្យាយាមរករឿង Joe Gomez សារជាថ្មី
(BC-99)
កីឡាករខ្សែបម្រើប្រយុទ្ធរបស់ក្រុម Manchester City Raheem Sterling ត្រូវបានដកចេញពីក្រុមជម្រើសជាតិអង់គ្លេសបន្ទាប់ពីបង្ករអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីម្សិលមិញជាមួយ Joe Gomez នៅឯមូលដ្ឋានហ្វឹកហាត់របស់ក្រុមជម្រើសជាតិ។
កីឡាកររបស់ក្រុមតោកំណាចអង់គ្លេសត្រូវបានបំបែកចេញពីគ្នាដោយមិត្តរួមក្រុមនៅពេលដែលពួកគេទាំងពីរកំពុងមានទំនាស់នៅក្នុងតុអាហារនាជំរំហ្វឹកហាត់របស់ក្រុមជម្រើសជាតិ St George’s Park ។
វាបានកើតឡើងសាជាថ្មីតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីអ្នកទាំងពីរបានប៉ះទង្គិចគ្នាម្តងរួចមកហើយក្នុងអំឡុងពេលក្រុម Liverpool បានប្រកួតឈ្នះ ៣-១ លើ Manchester City កាលពីរសៀលថ្ងៃអាទិត្យនៅឯ Anfield (ពេលវេលានៅអង់គ្លេស)។
យោងតាមសាក្សីបាននិយាយថា Sterling ដែលបានផ្លាស់ចេញពី Liverpool ទៅ Man City កាលពី ៤ ឆ្នាំមុនបានព្យាយាមចាប់ច្របាច់ក Gomez នៅក្នុងបន្ទប់អាហាររបស់ក្រុមកីឡាករអង់គ្លេស។ អ្នកឃើញហេតុការបាននិយាយបន្តថា នៅពេលដែល Gomez ព្យាយាមចាប់ដៃ Sterling ដែលកំពុងតែអង្គុយដោយនិយាយថា “ឯងជាមនុស្សធំហើយ” ស្រាប់តែពេលនោះកីឡាកររបស់ Man City រូបនេះប្រែជាមានកំហឹងនិងស្ទុះច្របាច់ក Gomez តែម្តង។ តំបូងអ្នកឯទៀតគិតថាពួកគេកំពុងតែលេងសើចជាមួយគ្នា តែនៅពេលដែលឃើញសភាពរបស់អ្នកទាំងពីរមិនប្រក្រតី កីឡាករដែលជាមិត្តរួមជាតិផ្សេងទៀតក៏ចូលមកស្ទុះចាប់អ្នកទាំងពីរបំបែកចេញពីគ្នាតែម្តង។
ភ្លាមៗដែរគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស Gareth Southgate ក៏បានមកដល់និងសម្រេចអោយកីឡាករដែលមានជម្លោះទាំងពីរចូលទៅដោះស្រាយជាមួយលោក។
ជាលទ្ធផលលោក Southgate បានសម្រេចចិត្តទម្លាក់ឈ្មោះ Raheem Sterling ចេញពីក្រុមជម្រើសជាតិអង់គ្លេសដោយមិនអោយចូលរួមប្រកួតជម្រុះ EURO ជាមួយក្រុម ម៉ុងតេណេក្រូ នៅយប់ថ្ងៃព្រហស្បត្តិ៍នេះឡើយ។ ដោយឡែក Sterling ក៏បានធ្វើការសុំអភ័យទោសពី Gomez ដោយផ្ទាល់មាត់និងជាលាយលក្ខអក្សរតាមបណ្តាយសង្គម Twitter មុនពេលគេត្រឡប់ទៅផ្ទះវិញផងដែរ។