លោក Arsene Wenger បង្ហើបឱ្យដឹងអំពីគម្រោងរបស់ខ្លួនជាមួយក្រុម Bayern Munich
(BC-99)
លោក Arsene Wenger បានបង្ហើបថាកិច្ចពិភាក្សារបស់លោកជាមួយក្រុម Bayern Munich នឹងអាចកើតមានឡើងនៅសប្តាហ៍ក្រោយ។
Arsene Wenger អតីតអ្នកចាត់ការក្រុមកាំភ្លើងធំ Arsenal កំពុងមានឈ្មោះមកជំនួសកន្លែងរបស់លោក Niko Kovac ដែលត្រូវបានគេបណ្តេញចេញពីក្លឹបបន្ទាប់ពី Bayern Munich បានចាញ់ក្រុម Eintracht Frankfurt ៥-១ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ របាយការណ៍ពីប្រទេសអាឡឺម៉ង់បានធ្វើការអះអាងពីពេលមុននេះថា Bayern មិនចាប់អារម្មណ៍នឹងលោក Wenger ទេក៏ប៉ុន្តែនៅថ្ងៃម្សិលម៉ិញបុរសវ័យ ៧០ ឆ្នាំរូបនេះបានបង្ហើបថាគាត់បានឆ្លើយឆ្លងតាមរយៈទូរស័ព្ទជាមួយថ្នាក់ដឹកនាំ Bayern Munich រួចហើយហើយនឹងធ្វើការសំរេចចិត្តចុងក្រោយនៅសប្តាហ៍បន្ទាប់ពីនេះ។
លោក Wenger បានប្រាប់ beIN Sports ថា៖ “កាលពីរសៀលថ្ងៃពុធលោក [Karl-Heinz] Rummenigge បានទូរស័ព្ទមកខ្ញុំ។ ខ្ញុំមិនអាចសម្រេចចិត្តភ្លាមៗទេនៅពេលនោះ។ ពេលគាត់ខលមកខ្ញុំគាត់កំពុងនៅក្នុងឡានរបស់គាត់ឆ្ពោះទៅកន្លែងប្រកួតជាមួយ Olympiacos”។
ថ្វីត្បិតតែការសន្ទនារវាង Wenger និងអគ្គនាយកក្លិប Bayern Rummenigge ធ្វើឡើងក្នុងរយៈពេលខ្លីក៏ប៉ុន្តែអតីតអ្នកចាត់ការទូរទៅរបស់កាំភ្លើងធំ Arsenal បានធ្វើការបញ្ជាក់ថាពួកខ្លួនមានគម្រោងជួបគ្នាទល់មុខនៅសប្តាហ៍ក្រោយនេះដោយលោកមិនបានលម្អិតពីទីកន្លែងនិងពេលវេលាច្បាស់លាស់ឡើយ រីឯការម្រេចចិត្តបែបម៉េចក៏បុរសសញ្ជាតិបារាំងរូបនេះនៅពុំទាន់បង្ហើបអោយដឹងដែរ។