ក្រោយស្មើជាមួយ Liverpool លោក Ole Gunnar Solskjaer បានធ្វើរឿងម្យ៉ាងដាក់ក្រុមកីឡាករក្នុងបន្ទប់ផ្លាស់ខោអាវ
(BC-99)
គ្មានអ្នកជឿឡើយថាក្រុម Manchester United ដែលកំពុងឋិតនៅក្រោមការគ្រប់គ្រងរបស់លោក Ole Gunnar Solskjaer នឹងអាចទប់ទល់ជាមួយក្រុមហង្សក្រហម Liverpool រួចក្នុងជំនួបនដ៏សំខាន់នៅ Premier League តែទីបំផុតទៅ Rushford ក៏បានបំបែកភាពតានតឹងរបស់ក្រុម Man Utd នៅតង់ទី១ តែទោះជាយ៉ាងនេះក៏ដោយ Lallana ក៏បានរកគ្រាប់បាល់តាមបានស្មើមកវិញនៅតង់ទី២។
វាក៏កើតមានរឿងរ៉ាវដ៏ចម្រូងចម្រាសដែរដែលទាក់ទងទៅនឹងការកាត់ក្តីដោយវីឌីអូជំនួយអជ្ញាកណ្តាល VAR ក្នុងខណៈពេលដែល Mane ត្រូវបានដកគ្រាប់បាល់ទាត់បញ្ចូលទីរបស់ខ្លួនដោយសំអាងថាបាល់បានប៉ះដៃកីឡាករសេណេហ្គាល់រូបនេះមុនទៅហើយ។
ចំពោះលទ្ធផលដែលបន្សល់ទុកស្មើគ្នាមួយទល់មួយបែបនេះវាអាចជារឿងល្អផងនិងមិនល្អផងសម្រាប់លោក Ole Gunnar Solskjaer ។ មិនល្អត្រង់ថាក្រុម Manchester United នៅតែមិនអាចរកជ័យជម្នះបានចំនួន៨ប្រកួតជាប់គ្នាមកហើយ ហើយអ្វីដែលល្អនោះគឺក្រុមបិសាចក្រហមអាចទប់ទល់ហង្សក្រហមមិនអោយចាញ់បាន។
ក្រោយពីបញ្ចប់ការប្រកួតនោះរួចរាល់លោក Solskjaer ក៏បានប្រញាប់ប្រញាល់ចូលក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ដើម្បីទៅជួបក្រុមកីឡាកររបស់លោក។ នៅទីនោះលោក Solskjaer បានចាប់ដៃកីឡាករទាំងអស់គ្នាម្នាក់ម្តងៗដោយនិយាយពាក្យថា “អរគុណដែលអ្នកបានធ្វើរឿងដ៏ល្អនេះសម្រាប់ខ្ញុំនិងក្រុមរបស់យើង”។ នេះគឺជាការត្រេកអររបស់បុរសសញ្ជាតិណ័រវេយ៍រូបនេះដែលអាចបន្តក្តីសុបិន្តរបស់ខ្លួនជាមួយក្រុមបន្តទៀត។