ប្រិយ៍មិត្តរបស់ក្រុមបាល់ទាត់ប៊ុលការីចំនួន៤រូបត្រូវបានប៉ូលីសចាប់ខ្លួនក្រោយពេលដែលពួកគេបានបញ្ចេញកាយវិការគាំទ្រក្រុមផ្តាច់ការ ណាស៊ីស
ប្រិយ៍មិត្តរបស់ក្រុមបាល់ទាត់ប៊ុលការីចំនួន៤រូបត្រូវបានប៉ូលីសចាប់ខ្លួនក្រោយពេលដែលពួកគេបានបញ្ចេញកាយវិការគាំទ្រក្រុមផ្តាច់ការ ណាស៊ីស ក្នុងអំឡុងពេលប្រកួតបាល់ទាត់ជម្រុះយូរ៉ូ២០២០រវាង ប៊ុលការី និង អង់គ្លេស នៅទីក្រុង Sofia។
ក្រុមមន្ត្រីប៉ូលីសរបស់ ប៊ុលការី បានធ្វើការយ៉ាងឆាប់រហ័សនិងបានចាប់ខ្លួនជនសង្ស័យចំនួន៤នាក់ដែលបានធ្វើអំពើខុសបទបញ្ញត្តិរបស់សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ដែលមានដូចជាការលើកដៃជាសញ្ញារបស់ក្រុមផ្តាច់ការ ណាស៊ីស អាឡឺម៉ង់ ការស្រែកច្រៀងបទចម្រៀងពួក ណាស៊ីស និងការចោលរបស់របរចូលក្នុងទីលានប្រកួតជាដើម។
វាមិនមែនជាថ្ងៃល្អរបស់ក្រុមបាល់ទាត់ អង់គ្លេស នុះទេ បើទោះជាពួកគេបានស៊ុតបាល់ចូល៦គ្រាប់លើក្រុមម្ចាស់ផ្ទះ ប៊ុលការី ដែលមិនអាចតដៃវិញបានសូម្បីតែមួយគ្រាប់វិញក៏ដោយ។ កីឡាកររបស់ អង់គ្លេស មួយចំនួនបានទទួលរងនូវការវាយប្រហារដោយពាក្យសម្តីអំពីការរើសអើងពូជសាសន៍និងបានប្រដូចពួកគេទៅនិងសត្វធាតុ។ ក្រោយពីបញ្ចប់ការប្រកួតភ្លាមៗគ្រូបង្វឹករបស់អង់គ្លេសលោក Southgate បានធ្វើការរិះគន់ចំពោះប្រិយ៍មិត្តដែលនិយមរើសអើងជាតិសាសន៍ថាមិនមែនជាប្រិយ៍មិត្តពិតប្រាកដឬជាប្រិយ៍មិត្តសន្សំរឿង។
តាមរយៈរូបថតជាតឹកតាងក្រុមមន្ត្រីប៉ូលីសកំពុងតែស្វែងតាមចាប់មនុស្សមួយចំនួនទៀតដែលបានធ្វើអំពើទាំងនេះមកដាក់ទោសតាមច្បាប់។ រីឯនាយករដ្ឋមន្ត្រីប៊ុលការីលោក Boyko Borisov ក៏បានចេញមកសុំទោសចំពោះការរើសអើងទាំងនេះផងដែរ តែទោះជាយ៉ាងនេះក៏ដោយចុះក៏គេនៅតែជឿថាសហព័ន្ធបាល់ទាត់ ប៊ុលការី អាចនឹងទទួលពិន័យមិនអោយចូលរួមប្រកួតជាលក្ខណៈអន្តរជាតិចំនួន២ប្រកួតនិងពិន័យជាប្រាក់យ៉ាងហោចណាស់៧០,០០០ផោនដែរ។