
Inter Milan កំពុងចាប់អារម្មណ៏ខ្សែបំរើរបស់ Chelsea ដែលកំពុងត្រូវបាន AC Milan ខ្ជីជើង
ខ្សែបំរើជនជាតិបារាំង Tiemoue Bakayoko កំពុងមានជំរើសក្នុងការទិញផ្តាច់ពី AC Milan ក្នុងតំលៃមួយស្ថិតក្នុងការចរចារ។ កីឡាករវ័យ ២៤ឆ្នាំរូបនេះគឺជាកីឡាករពេញសិទ្ធិរបស់តោខៀវ Chelsea ក្នុងឆ្នាំ ២០១៧ ក្រោយពីលេងអោយ Monaco បាន៣រដូវកាល ហើយក៏ត្រូវបាន AC Milan របស់អ៊ីតាលីខ្ជីជើងពីតោខៀវទៅវិញក្នុងឆ្នាំ ២០១៨។
នៅទឹកដីអ៊ីតាលី រូបគេបានក្លាយជាកីឡាករម្នាក់ដែលកំពុងមានការចាប់អារម្មណ៏គួរសមក្រោមការត្រួសត្រាយផ្លូវពីគ្រូបង្វឹក Gennaro Gattuso ដែលជាអតីតកីឡាកររបស់ AC Milan ផ្ទាល់។
បើយោងតាមសារពត័មាន Sport Mediaset របស់អ៊ីតាលីបានចេញផ្សាយថា Chelsea កំពុងរៀបចំចាត់ចែងទ្រនំថ្មីសំរាប់ Bakayoko ដោយសម្លឹងឃើញ Inter Milan ជាជំរើសដ៏សាកសម។ ប៉ុន្តែថ្មីៗនេះ កីឡាករជនជាតិបារាំងរូបនេះបានចុះហត្ថាលេខាបន្តកុងត្រាថ្មីជាមួយតោខៀ Chelsea រហូតដល់ឆ្នាំ ២០២២ ឯណោះ។
តំលៃលើការចរចារសំរាប់កីឡាករខ្សែបំរើរូបនេះដែល Chelsea បានដាក់គឺ ៣៥លានអឺរ៉ូ បើសិន Inter Milan ហ៊ានចំណាយលើទំហំទឹកប្រាក់នេះ ពួកគេនិងបាន Bakayoko ទៅរួមក្លឹបនៅរដូវកាលក្រោយ៕