
Liverpool ដាក់លក់សំបុត្រតម្លៃថោកៗក្នុងវគ្គផ្តាច់ព្រ័ត្រ សម្រាប់អ្នកគាំទ្ររបស់ខ្លួន

ក្រុមហង្សក្រហម Liverpool ដែលទម្លាក់ Barcelona ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្របានប្រកាសពីតម្លៃសំបុត្រសម្រាប់អ្នកគាំទ្ររបស់ពួកគេ ដោយលក់ក្នុងតម្លៃថោកបំផុត ៧៩ដុល្លារអាមេរិក សម្រាប់២០ភាគរយនៃសំបុត្រចំនួន១៦៦១៣សន្លឹករដែលពួកគេទទួលបានពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA)។ ក្រៅពីនេះ Liverpool ទទួលបាន ១០០សន្លឹកទៀត សម្រាប់មនុស្សពេញវ័យនិងក្មេង រួមបញ្ចូលគ្នាដោយលក់ក្នុងតម្លៃ១៥៦ដុល្លារអាមេរិកសម្រាប់សំបុត្រពីរ។

ដោយឡែក ក្រុមមាន់ខ្នាយមាស Tottenham Hotspur ដែលផ្តួល Ajax ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រមិនបានប្រកាសអំពីតម្លៃសំបុត្រសម្រាប់ក្រុមអ្នកគាំទ្ររបស់ពួកគេឡើយ។ ក្រុមទាំងពីខាងលើក៏ទទួលបានសំបុត្រ ៣០០សន្លឹកសម្រាប់បុគ្គលិកក្លិប ក្រុមគ្រួសារ និងមិត្តភក្តិរបស់កីឡាករផងដែរ។

ចំណែកឯ UEFA ក៏បានដកសំបុត្រចំនួន៤០០០សន្លឹករួចទៅហើយដើម្បីយកទៅលក់ឲ្យអ្នកគាំទ្រពីជុំវិញពិភពលោកសម្រាប់កៅអីនៅកីឡដ្ឋាន Estadio Metropolitano ដែលផ្ទុកអ្នកទស្សនាបានសរុបចំនួន ៦៨០០០កៅអី។ ហើយសំបុត្រដែលនៅសេះសល់ដទៃទៀត គឺសម្រាប់ផ្តល់ជូនគណៈកម្មការរៀបចំក្នុងតំបន់អេស្ប៉ាញដែលជាម្ចាស់កីឡដ្ឋាន រួមទាំងសមាគមជាតិ ដៃគូពាណិជ្ជកម្ម អ្នកផ្សព្វផ្សាយ និងអ្នកពាក់ព័ន្ធផ្សេងៗ។
គួររំលឹកថា បើនិយាយអំពីថ្លៃសំបុត្រនៅវគ្គផ្តាច់ព្រ័ត្រ Champions League កាលពីរដូវកាលមុនដែល Real Madrid យកឈ្នះ Liverpool ៣-១ នាកីឡដ្ឋាន Olympic Stadium ក្នុងក្រុងកៀវ ប្រទេសអ៊ុយក្រែន មានតម្លៃចាប់ពី ៧៩ដុល្លារ ទៅ ៥០០ដុល្លារអាមេរិក៕
ដកស្រង់មួយចំនួនចេញពីការសែត ថ្មីៗ