វង្ស ណយ អាចប្រើកែងផ្តួល ម៉ាណាវថង រក្សាការឈ្នះបានអត់សប្តាហ៍នេះ?
បីប្រកួតជាប់គ្នារបស់អ្នកប្រដាល់គុនខ្មែរ វង្ស ណយ បានធ្វើអោយអ្នកគាំទ្រពេញចិត្តយ៉ាងខ្លាំង បន្ទាប់ ពីអ្នកលេងកែងរូបនេះបានផ្តួលជើងខ្លាំងថៃបីរូបផ្សេងគ្នាអោយសន្លប់ជាបន្តបន្ទាប់ដោយការប្រើកែងដ៏គ្រោះថ្នាក់របស់គេ ។
កីឡាករថៃទី១ គឺ បូវខៀវ ( រ៉ារឿង ) ទី២ ហ្វៃប៉ា ប៉េឡេបុរីរ៉ាំ និងចុងក្រោយ ចៃស៊ូ ស.ខាំស៊ីង ដោយពួកសុទ្ធតែសន្លប់ក្រោមផ្លែកែងរបស់កូននាគប៉ៃលិនរូបនេះ ខណៈកីឡាករថៃទី៤ ដែលត្រូវជួប វង្ស ណយ នៅថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ២០១៨ នេះគឺ ម៉ាណាវថង ដែលប្រកួតចុងក្រោយចាញ់កីឡាករ រឿង សោភ័ណ្ឌ ដោយពិន្ទុ ។
ការប្រកួតរវាង វង្ស ណយ និង ម៉ាណាវថង នឹងចាប់ផ្តើមពីម៉ោង ៦ ល្ងាចនាសង្វៀន ស៊ី អ៊ិន ស៊ី ក្នុងកម្មវិធីកំពូលអ្នកប្រដាល់ជើងឯកគោជល់គូមិត្តភាពអន្តរជាតិ ៕ អត្ថបទ៖ជោគជ័យ